(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា បាននិយាយថាអ៊ុយក្រែនអាចប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិក វាយប្រហារលើគោលដៅយោធា នៅក្នុងទឹកដីរុស្ស៉ី ដោយមិនកំណត់នៅត្រឹមតែទឹកដីរុស្ស៉ីស្ថិតនៅក្បែរតំបន់ Kharkiv ប៉ុណ្ណោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីឧសភាកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតជាសម្ងាត់ឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធអាមេរិក វាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី។ ប៉ុន្តែ ក្រុមមន្ត្រីអាមេរិក នៅពេលនោះបានឱ្យដឹងថាការសម្រេចចិត្តរបស់លោក ចូ បៃដិន គឺអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារតែលើគោលដៅក្នុងទឹកដីរុស្ស៉ីក្បែរ និងជុំវិញតំបន់ Kharkiv តែប៉ុណ្ណោះ។

រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បានបញ្ជាប់ប្រាប់អ្នកសារព័ត៌មានថាខណៈមិនមានការផ្លាស់ប្ដូរគោលនយោបាយ ការប្រើប្រាស់អាវុធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ី គឺមិនកំណត់នៅត្រឹមគោលដៅស្ថិតនៅក្បែរតំបន់ Kharkiv ប៉ែកខាងទឹកដីរុស្ស៉ីនោះទេ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Patrick Ryder គឺស្រដៀងគ្នាទៅនឹងការលើកឡើងរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ដែលបាននិយាយថា ប្រសិនបើរុស្ស៉ីវាយប្រហារចេញពីទឹកដីរបស់ខ្លួនលើអ៊ុយក្រែន នោះអ៊ុយក្រែនក៏មានសិទ្ធិវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៉ីដែលវាយប្រហារឆ្លងដែនចូលក្នុងទឹកដីអ៊ុយក្រែន ផងដែរ។ លោក Jake Sullivan បានសង្កត់ធ្ងន់ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ PBS កាលពីដើមសប្ដាហ៍នេះទៀតផងថាអ៊ុយក្រែនក៏អាចប្រើប្រាស់ប្រព័ន្ធខែលប្រឆាំងមីស៊ីល ផ្ដល់ដោយសហរដ្ឋអាមេរិកវាយប្រហារលើយន្ដហោះចម្បាំងរុស្ស៉ីដែលហោះក្នុងដែនអាកាសរុស្ស៉ីផងដែរ ប្រសិនបើយន្ដហោះចម្បាំងទាំងនោះបើកការវាយប្រហារចូលក្នុង ដែនអាកាសអ៊ុយក្រែន៕