(ហុងកុង)៖ ទីភ្នាក់ងារព័ត៌មាន Reuters យោងតាមប្រភពដែលខ្លួនទទួលបាន បានរាយការណ៍នៅថ្ងៃសុក្រ ទី២១ ខែមិថុនានេះថា សហរដ្ឋអាមេរិកនិងចិន បានចាប់ផ្តើមឡើងវិញ នូវកិច្ចពិភាក្សាក្រៅផ្លូវការរវាងប្រទេសទាំងពីរ ស្តីពីអាវុធនុយក្លេអ៊ែរកាលពីខែមីនា ឆ្នាំនេះ ដែលជាលើកដំបូង ក្នុងរយៈពេលប្រមាណ៥ឆ្នាំ ហើយអំឡុងកិច្ចពិភាក្សាគ្នានោះ ក្រុមអ្នកតំណាងរបស់ទីក្រុងប៉េកាំង បានប្រាប់សមភាគី​អាមេរិកថា ប្រទេសពួកគេនឹងមិនប្រើប្រាស់ ការគំរាមកំហែងអាវុធនុយក្លេអ៊ែរ ជុំវិញបញ្ហាកោះតៃវ៉ាន់ឡើយ។

អំឡុងកិច្ចពិភាក្សាហៅថា Track Two ក្រុមអ្នកតំណាងចិន បានធានាអះអាងដូចខាងលើ បន្ទាប់ពីក្រុមអ្នកតំណាងអាមេរិក​ បានលើកឡើងអំពី​ក្តីព្រួយបារម្ភថា ចិនប្រហែលអាចប្រើប្រាស់ ឬគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើពួកគេប្រឈមមុខនឹង ភាពបរាជ័យនៅក្នុងជម្លោះតៃវ៉ាន់ ដែលជាដែនកោះត្រូវចិនចាត់ទុកជា ផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន។ ពួកគេបានប្រាប់ភាគីអាមេរិកថា ពួកគេមានការជឿជាក់​ទាំងស្រុងថា ចិននឹងអាចទទួលជ័យជម្នះ តាមរយៈអាវុធធម្មតា ដោយមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរទេ ក្នុង​ជម្លោះតៃវ៉ាន់។ ចិនមិនដែលបោះបង់ជម្រើសប្រើកម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញ ជាមួយកោះតៃវ៉ាន់ នាថ្ងៃណាមួយ នោះឡើយ។

សមាសភាពចូលរួមក្នុងកិច្ចពិភាក្សា Track Two គឺទូទៅជាអតីតមន្រ្តីរដ្ឋាភិបាល និងជាបញ្ញវន្ត ដែលត្រូវបានផ្តល់សិទ្ធិឱ្យដើរតួនាទីជា​អ្នកតំណាងរាស្រ្ត របស់រដ្ឋាភិបាល​ ខណៈកិច្ចពិភាក្សាឬកិច្ចចរចា រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលតែម្តង ត្រូវគេហៅថា Track One។ កិច្ចពិភាក្សាក្រៅផ្លូវការនោះ បានប្រព្រឹត្តទៅកាលពីខែមីនា នៅទីក្រុងសៀងហៃ ប៉ុន្តែទើបត្រូវបានបង្ហើបឱ្យដឹង នាពេលនេះ។ កិច្ចពិភាក្សា Track Two ស្ថិតក្រោមក្របខណ្ឌនៃកិច្ចសន្ទនា ស្តីពីគោលជំហរនិងអាវុធនុយក្លេអ៊ែរ មានរយៈពេលប្រមាណ ២ទសវត្សរ៍មកហើយ ដែលបានជាប់គាំង ក្រោយរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក ឈប់ផ្តល់មូលនិធិគាំទ្រកាលពីឆ្នាំ២០១៩។

គួរបញ្ជាក់ថា អាមេរិកនិងចិនក៏បន្តឡើងវិញបានបន្តិចផងដែរ នូវកិច្ចពិភាក្សា Track One ស្តីពីអាវុធនុយក្លេអ៊ែរ កាលពីខែវិច្ឆិកា ឆ្នាំមុន ប៉ុន្តែកិច្ចចរចានោះ បានជាប់គាំងមកទល់បច្ចុប្បន្ន។ កាលពីឆ្នាំ២០២៣ ក្រសួងការពារជាតិអាមេរិក បានប៉ាន់ប្រមាណថា ទីក្រុងប៉េកាំង ឥឡូវមានក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចធ្វើប្រតិបត្តិការបានភ្លាមៗ ប្រហែល៥០០គ្រាប់ ហើយនឹងកើនដល់លើស១,០០០គ្រាប់ គិតត្រឹមឆ្នាំ២០៣០។ ចំណែកសហរដ្ឋអាមេរិក និងរុស្ស៉ីវិញ សព្វថ្ងៃ មានក្បាលគ្រាប់ដែលអាចធ្វើប្រតិបត្តិការបានភ្លាមៗ ចំនួន ១,៧៧០គ្រាប់ និង១,៧១០គ្រាប់៕