(ដាក្កា)៖ មន្រ្តីជួយជនភៀសខ្លួនម្នាក់ បាននិយយាថា ការកើនឡើងនូវអំពើហិង្សាក្នុងរដ្ឋ Rakhine ភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា នារយៈពេលប៉ុន្មានខែចុងក្រោយនេះ អាចនឹងជំរុញឱ្យជនជាតិរ៉ូហ៉ីងយ៉ា ​​ឆ្លង​ចូល​ក្នុងប្រទេស​បង់ក្លាដែស ទោះបីជាទីក្រុង Dhaka ទទូចថា មិនអាចទទួលយកជនភៀសខ្លួនបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ ២០២៤។

ជនជាតិរ៉ូហ៉ីងយ៉ា បានប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានអ្នកកាន់សាសនាព្រះពុទ្ធភាគច្រើន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ក្នុងឆ្នាំ ២០១៧ ជនជាតិរ៉ូហ៉ីងយ៉ាជាច្រើន បានភៀសខ្លួនចេញរដ្ឋ Rakhine ទៅបង់ក្លាដែស បន្ទាប់ពីការបង្ក្រាបដោយយោធានៃរបបសឹក ទៅលើសហគមន៍ជនជាតិភាគតិច។

លោក Mohammed Mizanur Rahman ដែលជាមន្រ្តីបង់ក្លាដែស មានភារកិច្ច​ជួយ​សង្គ្រោះ​ជនភៀសខ្លួន និង​ធ្វើ​មាតុភូមិនិវត្តន៍ បានឱ្យដឹងថា ការិយាល័យទទួលបានរបាយការណ៍ អំពីជនជាតិរ៉ូហ៊ីងយ៉ាដែលឆ្លងដែនមកកាន់តែច្រើន គឺជិត ១លាននាក់ហើយ កំពុងរស់នៅក្នុងជំរុំជនភៀសខ្លួន ក្នុងតំបន់ Cox's Bazar។ លោក Rahman បានបញ្ជាក់ថា «មនុស្សមួយចំនួនបានចូល ប្រទេសបង់ក្លាដែស តាមមធ្យោបាយផ្សេងៗ ហើយបានភៀសខ្លួនទៅកន្លែងផ្សេងៗគ្នា។ ខ្ញុំជឿថាអ្នកខ្លះត្រូវបានអនុញ្ញាតឱ្យចូលមក ក្រៅផ្លូវការ»។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាកំពុងកើនឡើង នៅក្នុងរដ្ឋ Rakhine បន្ទាប់ពីបទឈប់បាញ់រវាងក្រុម Arakan Army (AA) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពល និងយោធានៃរបបសឹក បានដួលរលំកាលពីចុងឆ្នាំមុន។ អ្នកនាំពាក្យរបស់ AA និងយោធានៃរបបសឹក មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយយ៉ាងទទូចពី Reuters នោះទេ៕