(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ នៅក្នុងប្រទេសចិន នឹងក្លាយជាឱកាសមួយសម្រាប់អឺរ៉ុប ដើម្បីស្វែងរកចំណុចរួមជាជាងការប្រឈមមុខដាក់គ្នាផ្នែកសេដ្ឋកិច្ច ចំពេលមានភាពតានតឹងលើ បញ្ហារថយន្តអគ្គិសនីចិន ក្នុងទីផ្សារអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ ២០២៤។
លោក Robert Habeck ត្រូវទៅដល់ទីក្រុងប៉េកាំង នាថ្ងៃសុក្រនេះ ខណៈដែលសហភាពអឺរ៉ុប ទើបនឹងប្រកាសដំឡើងពន្ធ លើការនាំចូលរថយន្តអគ្គិសនីចិន។ លោក Habeck ដែលធ្លាប់បញ្ចេញទស្សនៈផ្ទាល់ខ្លួនជុំវិញការដំឡើងពន្ធនេះ បានចាត់ទុកថា ចិនគឺជាដៃគូដែលមិនអាចខ្វះបាន សម្រាប់ការប្រកួតប្រជែងជាសកល។ កាសែត Global Times បានដកស្រង់សម្តីរបស់ អ្នកជំនាញមួយរូប ដែលគូសបញ្ជាក់ថា «ប្រសិនបើអាល្លឺម៉ង់ អាចដោះស្រាយបញ្ហាពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប (EU) ដោយគ្មានការប្រឈមមុខដាក់គ្នា នោះវានឹងផ្តល់នូវគំរូថ្មីមួយ សម្រាប់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក និងអភិបាលកិច្ច ជាពិសេសនៅពេលដែលអឺរ៉ុប កំពុងប្រឈមមុខនឹងជម្លោះច្រើនមុខ»។
គួរបញ្ជាក់ថា នៅពេលទៅដល់ទីក្រុងប៉េកាំង លោក Habeck នឹងត្រូវជួបបណ្តាឯកអគ្គរដ្ឋទូតនៃប្រទេសសហភាពអឺរ៉ុបមួយចំនួន។ បន្ទាប់មកជួបជាមួយនាយករដ្ឋមន្រ្តីចិន លោក Li Qiang និងក្រុមមន្រ្តីផ្សេងទៀត។ លោកក៏នឹងជួបរដ្ឋមន្រ្តីឧស្សាហកម្មចិន លោក Jin Zhuanglong ក៏ដូចជាលោក Wang Wentao រដ្ឋមន្រ្តីពាណិជ្ជកម្មចិន មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Shanghai និងទីក្រុង Hangzhou៕