(ប៊ែរឡាំង)៖ អាជ្ញាធរអាល្លឺម៉ង់បានប្រកាសថា ខ្លួនបានចាប់ខ្លួនបុរស៣នាក់ ដែលជាជនជាតិអ៊ុយក្រែន រុស្ស៊ី និងអាមេនី កាលពីថ្ងៃពុធ នៅទីក្រុង Frankfurt ដោយសង្ស័យថាពួកគេបានធ្វើចារកម្មឱ្យសេវាកម្មស៊ើបការណ៍សម្ងាត់បរទេសមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថា បុរសទាំង៣នាក់ ដែលត្រូវបានស្គាល់តែឈ្មោះថា រ៉ូប៊ឺត អេ (ជាជនជាតិអ៊ុយក្រែន), វ៉ាដជីស អាយ (ជាជនជាតិអាមេនី) និងអាម៉ាន់ អេស (ជាជនជាតិរុស្ស៊ី) បានព្យាយាមប្រមូលព័ត៌មានពីជនជាតិអ៊ុយក្រែនម្នាក់នៅក្នុងហាងកាហ្វេមួយ។

ទោះជាយ៉ាងណា អាជ្ញាធរមិនបានបញ្ជាក់ថា តើបុរសទាំង៣នាក់នេះធ្វើការឱ្យស្ថាប័នស៊ើបការណ៍ណាមួយនោះទេ។

គួរជម្រាបថា ការចាប់ខ្លួននេះកើតឡើងក្នុងបរិបទដែលអាល្លឺម៉ង់ បានរកឃើញករណីចារកម្មជាច្រើននៅលើទឹកដីរបស់ខ្លួន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីដើមឆ្នាំ២០២២។ កាលពីខែមុន អតីតទាហានអាល្លឺម៉ង់ម្នាក់ ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំកន្លះ ពីបទចែករំលែកព័ត៌មានយោធាសម្ងាត់ជាមួយរុស្ស៊ីផងដែរ៕