(វ៉ាស៉ីនតោន)៖ ប៉ូលិសប្រចាំរដ្ឋ Arkansas របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារ នៅផ្សារទំនើបមួយកន្លែង កាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយជាលទ្ធផលបានបណ្តាលឱ្យ ជនស៉ីវិលចំនួន៣នាក់ បាត់បង់ជីវិត និង១០នាក់ផ្សេងទៀត ទទួលរងរបួស ក្នុងនោះរួមមានមន្រ្តីប៉ូលិស២នាក់ ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤។

លោក Mike Hagar ដែលជានាយកស្ថាប័នប៉ូលិសរដ្ឋ Arkansas បាននិយាយដូច្នេះថា «គួរឱ្យសោកស្តាយ ជនស៉ីវិលស្លូតត្រង់សរុបចំនួន១១នាក់ បានរងការបាញ់ប្រហារ ហើយ៣នាក់ក្នុងចំណោមនោះ បានស្លាប់។ មិនតែប៉ុណ្ណោះ មន្រ្តីប៉ូលិស២នាក់ បានរងរបួស ដោយសារការបាញ់តទល់ជាមួយខ្មាន់កាំភ្លើង។ ដោយឡែក ជនសង្ស័យក៏បានរងរបួសដូចគ្នា ហើយត្រូវប៉ូលិសឃាត់ខ្លួនបាន»។ បើតាម លោក Hagar មន្រ្តីប៉ូលិសរងរបួស ហើយនិងខ្មាន់កាំភ្លើង មិនប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ខណៈស្ថានភាពរបួសរបស់ជនស៉ីវិល គឺមានចាប់ពីកម្រិតស្រាល រហូតដល់ធ្ងន់។

គួរបញ្ជាក់ថា ហេតុការណ៍បាញ់ខាងលើ បានកើតឡើងនៅផ្សារទំនើប Mad Butcher ក្នុងក្រុង Fordyce ដែលមានមនុស្សរស់នៅត្រឹម​៣,២០០នាក់ និងស្ថិតនៅចម្ងាយប្រហែលជាង ១០០គីឡូម៉ែត្រ ពីទីក្រុង Little Rock រដ្ឋធានីរបស់រដ្ឋ Arkansas៕