(ប៉េកាំង)៖ ហ្វីលីពីនបានបង្ករឿងហេតុកាន់តែខ្លាំងឡើងៗ នៅសមុទ្រចិនខាងត្បូង។ យោងតាមការរាយការណ៍ នៃរដ្ឋបាលឆ្មាំសមុទ្រចិនឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែមិថុនា ហ្វីលីពីនបានចាត់បញ្ជូននាវាផ្គត់ផ្គង់សម្ភារៈមួយគ្រឿង និងកាណូតពីរគ្រឿងឱ្យបំពានចូល ក្នុងលំហសមុទ្រនៅជាប់ថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ចិនដោយខុសច្បាប់ ដោយប៉ុនប៉ងដឹកជញ្ជូន និងផ្គត់ផ្គង់សម្ភារៈទៅឱ្យនាវាចម្បាំង ដែលទុកចោលដោយខុសច្បាប់នៅទីនោះ។

ក្នុងអំឡុងពេលនេះ នាវាដឹកជញ្ជូនសម្ភារៈរបស់ហ្វីលិពីន បានបើកចូលទៅជិតនិងបំបុកប៉ះដោយចេតនា នូវនាវារបស់ភាគីចិន ដែលកំពុងធ្វើនាវាចរណ៍ ដោយប្រក្រតី។ ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រង ចំពោះនាវារបស់ហ្វីលីពីន ចំណាត់ការរបស់ភាគីចិន គឺសមហេតុផល មានភាពជំនាញនិងស្របច្បាប់។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ ទង្វើបង្ករឿងហេតុកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយ ថ្ងៃរបស់ហ្វីលីពីនគឺកើតក្នុងបរិបទ ដែលចិនបានអនុវត្ត «ការកំណត់ស្តីពីរបៀបវារៈអនុវត្តច្បាប់ នៃស្ថាប័នឆ្មាំសមុទ្រ»

ភាគីហ្វីលីពីន បានអះអាងម្តងហើយម្តងទៀតថា អ្វីដែលខ្លួនដឹកជញ្ជូនគឺសម្ភារៈសម្រាប់ជីវភាពរស់នៅ ប៉ុន្តែតាមការពិត តាំងពីដើមមក ពួកគេបានលួចដឹកជញ្ជូន សម្ភារៈសំណង់ រហូតដល់អាវុធនិងគ្រាប់រំសេវ ក្នុងគោលបំណងទន្ទ្រានកាន់កាប់ថ្មប៉ប្រះទឹក Ren’ai ក្នុងរយៈពេលយូរ។ នេះជាមូលហេតុផ្ទាល់ ដែលបណ្តាលឱ្យស្ថានការណ៍ សមុទ្រចិនខាងត្បូងឡើងកម្ដៅ។

ឥស្សរជនវិភាគបានលើកឡើងថា ទង្វើបង្ករឿងហេតុរបស់ហ្វីលីពីននៅតំបន់សមុទ្រចិនខាងត្បូង បានចូលក្នុងសភាពឆ្កួតជាសន្សឹមៗ បើនិយាយពីឫសគល់គឺ ដើម្បីបំពេញផលប្រយោជន៍ផ្ទាល់ខ្លួន របស់អ្នកនយោបាយហ្វីលីពីន តែមិនមែនបម្រើផលប្រយោជន៍ជាតិនោះទេ ។ កោះនានានៅសមុទ្រចិនខាងត្បូង ជាទឹកដីរបស់ចិន តាំងពីបុរាណកាលមក។ ចំពោះទង្វើបង្ករឿងហេតុនិងរំលោភសិទ្ធិដែលមកពីបរទេស ភាគីចិនមានអំណះអំណាងផ្លូវច្បាប់ និងសមត្ថភាពយ៉ាងពេញលេញ ដើម្បីឆ្លើយតប។ ចាប់ពីថ្ងៃទី១៥ខែមិថុនាឡើងទៅ «ការកំណត់ស្តីពី របៀបវារៈអនុវត្តច្បាប់នៃស្ថាប័នឆ្មាំសមុទ្រ» របស់ចិនបានអនុវត្តជាផ្លូវការ។ នេះគឺជាបទដ្ឋានជាមូលដ្ឋាន សម្រាប់ណែនាំ ស្ថាប័នឆ្មាំសមុទ្រចិន ធ្វើការងារអនុវត្តច្បាប់ ដែលមានអំណោយផលដល់ ការគាំពារសណ្តាប់ធ្នាប់លើសមុទ្រឱ្យបានកាន់តែល្អ គឺសមស្របនឹងវិធីសាស្ត្រដែលអន្តរជាតិប្រើប្រាស់ជាទូទៅ។

កាលពីថ្ងៃទី១៥ខែមិថុនា ហ្វីលីពីនបានដាក់សេចក្តីព្រាងច្បាប់ ស្តីពីការកំណត់ព្រំដែនតំបន់ជាយទ្វីបក្រៅ នៃសមុទ្រចិនខាងត្បូង ទៅកាន់គណៈកម្មាធិការ កំណត់ព្រំដែនតំបន់ជាយទ្វីប ដោយអះអាងថា យោងទៅតាម «អនុសញ្ញាច្បាប់មហាសមុទ្រ នៃអង្គការសហប្រជាជាតិ» នឹងស្វែងរកការកំណត់សិទ្ធិផ្តាច់មុខរបស់ខ្លួន ក្នុងការអភិវឌ្ឍធនធានធម្មជាតិក្នុងលំហសមុទ្រនេះ។ ការប៉ុនប៉ងរបស់ភាគីហ្វីលីពីន ត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់ ពោលគឺឆ្លងតាមរយៈវិធីលើកឡើង សេចក្តីព្រាងច្បាប់ ស្តីពីការកំណត់ព្រំដែនតំបន់ជាយទ្វីបក្រៅ ដើម្បីបញ្ជាក់ពីការកាត់ក្តីខុសច្បាប់នៃអ្វីដេលហៅថា «សំណុំរឿងមជ្ឈិត្តកម្មសមុទ្រចិនខាងត្បូង»

ឥស្សរជនវិភាគបានលើកឡើងថា គណៈកម្មាធិការកំណត់ព្រំដែនតំបន់ជាយទ្វីបជាស្ថាប័ន ដែលបង្កើតឡើង ដោយយោងតាម «អនុសញ្ញាច្បាប់មហាសមុទ្រ នៃអង្គការសហប្រជាជាតិ»។ រីឯ «អនុសញ្ញាច្បាប់មហាសមុទ្រ នៃអង្គការសហប្រជាជាតិ» បានអនុវត្តគោលការណ៍ «មិនអនុម័តខណៈពេលមានវិវាទ» ។ ចិននិងហ្វីលីពីនមានវិវាទ ខាងអធិបតេយ្យភាពទឹកដីនិ ងការកំណត់ខ្សែបន្ទាត់ព្រំដែននៅសមុទ្រចិនខាងត្បូង។ ហ្វីលីពីនដាក់ជូននូវសេចក្តីព្រាងច្បាប់ ស្តីពីការកំណត់ព្រំដែនតំបន់ជាយទ្វីបក្រៅ នៅសមុទ្រចិនខាងត្បូងដោយឯកតោភាគី វាបានរំលោភសិទ្ធិអធិបតេយ្យភាព និងសិទ្ធិគ្រប់គ្រងរបស់ចិន ល្មើសនឹងច្បាប់អន្តរជាតិដែលបូករួមទាំង «អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជាតិ» ក៏ដូចជាល្មើសនឹងការកំណត់ពាក់ព័ន្ធនៃ «សេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូង» ផងដែរ។ តាមក្រិតក្រម នៃការពិភាក្សាបញ្ហារបស់គណៈកម្មាធិការ កំណត់ព្រំដែនតំបន់ជាយទ្វីប សេចក្តីព្រាងច្បាប់ស្តីពីការកំណត់ព្រំដែន ដែលលើកឡើងដោយភាគីហ្វីលីពីន គឺមិនត្រូវយកមកពិនិត្យពិភាក្សាទេ។

លើបញ្ហាសមុទ្រចិនខាងត្បូង អាកប្បកិរិយារបស់ភាគីចិន គឺច្បាស់លាស់ជាប់រហូតមក ពោលគឺ ប្រកាន់ខ្ជាប់ការដោះស្រាយ ដោយសមរម្យនូវវិវាទនិងទំនាស់ ពាក់ព័ន្ធនឹង សមុទ្រជាមួយប្រទេសពាក់ព័ន្ធដោយផ្ទាល់ តាមរយៈការចរចានិងពិគ្រោះពិភាក្សា ព្រមពេលជាមួយគ្នានេះ ឆ្លើយតបយ៉ាងដាច់ខាតចំពោះ រាល់ទង្វើរំលោភសិទ្ធិ និងបង្ករឿងហេតុលើសមុទ្រណាទាំងអស់។ នេះជាការគាំពារដ៏ត្រឹមត្រូវ ចំពោះសិទ្ធិនិងផលប្រយោជន៍របស់ចិនផង ហើយក៏ជាការគាំទ្រ ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។ មិនថាមនុស្សមួយចំនួនរបស់ភាគីហ្វីលីពីន ចង់លេងកលល្បិចណានៅជំហានក្រោយក៏ដោយ ក៏សុទ្ធតែនឹងទទួលបរាជ័យជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន