(យូអិន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយថា រុស្ស៉ីចាំបាច់ត្រូវតែគោរពតាមការដាក់ទណ្ឌកម្មរបស់ UN ប្រឆាំងលើកូរ៉េខាងជើង បន្ទាប់ពីទីក្រុងមូស្គូនិងទីក្រុងព្យុងយ៉ាង ទើបពង្រឹង​ចំណងទាក់ទងឱ្យកាន់តែស៉ីជម្រៅថែមទៀត ហើយបានព្រមព្រៀងផ្តល់ជំនួយយោធាជាបន្ទាន់ឱ្យគ្នាទៅវិញទៅមក ក្នុងករណីភាគីណាមួយ ប្រឈមការឈ្លានពានប្រដាប់អាវុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤។

កូរ៉េខាងជើងបានស្ថិតនៅក្រោមទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ចាប់តាំងតែពីឆ្នាំ២០០៦មក ដោយសារកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៉ីលបាលិស្ទីគរបស់ខ្លួន ហើយវិធានការរឹតត្បិតទាំងនោះ ក៏ត្រូវបានរឹតបន្តឹង ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ដោយមានការគាំទ្រពីរុស្ស៉ី។ លោក Guterres បានលើកឡើងថា «ក្រុមប្រឹក្សាសន្តិសុខ UN បានអនុម័តការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដូច្នេះហើយទំនាក់ទំនងនានា ដែលប្រទេសណាមួយ មានជាមួយកូរ៉េខាងជើង ពោលរួមបញ្ចូលទាំងសហព័ន្ធរុស្ស៉ីផងដែរ គឺដាច់ខាតត្រូវតែគោរពតាមទណ្ឌកម្មទាំងនោះ»។

សម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមប្រឹក្សាសន្តិសុខ UN បានជួបបញ្ហាខ្វែងគំនិតគ្នា ជុំវិញវិធានការចំពោះកូរ៉េខាងជើង។ ចិន​និងរុស្ស៉ី យល់ឃើញថា ការដាក់ទណ្ឌកម្មឥតឈប់ឈរ នឹងមិនអាចជួយអ្វីបានទេ ហើយចង់ឱ្យចំណាត់ការទាំងនោះ ត្រូវបានបន្ធូរបន្ថយ។ កាលពីខែឧសភា ឆ្នាំ២០២២ ប្រទេសទាំងពីរ បានបោះឆ្នោតវេតូ កិច្ចប្រឹងប្រែងដឹកនាំដោយអាមេរិក ដែលសំដៅដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេស​កូរ៉េខាងជើង ជុំវិញការធ្វើតេស្តជាថ្មីនៃមីស៉ីលបាលិស្ទីគ​។ ក្រោយមកទៀត កាលពីខែមីនា ឆ្នាំនេះ រុស្ស៉ីបានវេតូ ការផ្តល់អាណត្តិថ្មីប្រចាំឆ្នាំ ដល់គណៈកម្មការជំនាញមួយ ដែលមានតួនាទីឃ្លាំមើលការអនុវត្តទណ្ឌកម្ម លើកូរ៉េខាងជើង។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះសន្ធិសញ្ញា ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ អំឡុងទស្សនកិច្ចរបស់លោក ពូទីន នៅឯទីក្រុងព្យុងយ៉ាង។ វាកើតឡើង បន្ទាប់ពីមានការចោទប្រកាន់ពីសហរដ្ឋអាមេរិកថា ទីក្រុងព្យុងយ៉ាងបាននិងកំពុងលួចផ្គត់ផ្គង់អាវុធដល់រុស្ស៉ី សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពាន នៅអ៊ុយក្រែន។ យ៉ាងណាមិញ ទាំងរុស្ស៉ីនិងទាំងកូរ៉េខាងជើង សុទ្ធតែបានច្រានចោល ការចោទប្រកាន់របស់ទីក្រុងវ៉ាស៉ីនតោន៕