(ប៉េកាំង)៖ អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុន បានថ្លែងថា ពេលថ្មីៗនេះ ភាគីជប៉ុនបានបញ្ចេញមតិដ៏ខុសឆ្គង​ដែលមួលបង្កាច់ម្តងទៀតលើបញ្ហាសមុទ្រចិនខាងត្បូង ហើយចោទប្រកាន់មិនសមហេតុផលមកលើប្រទេសចិន ដោយមិនអើពើពីការពិត ស្ថានទូតចិនប្រចាំជប៉ុនមានការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ និងធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា តុលាការមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង បានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដែលបូករួមទាំង《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ》ផងដែរ។ ប្រទេសចិនមិនទទួលយក និងមិនទទួលស្គាល់ការកាត់ក្តីនេះ ហើយក៏មិនទទួលយកការផ្តួចផ្តើមគំនិត និងសកម្មភាពណាមួយដែលផ្អែកលើ ការកាត់ក្តីនេះផងដែរ។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ជប៉ុនមិនមែនជាភាគីពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងទេ គ្មានសិទ្ធិធ្វើអន្តរាគមន៍ ក្នុងបញ្ហាពាក់ព័ន្ធដែនសមុទ្រ រវាងចិននិងហ្វីលីពីននោះទេ។ កិច្ចសហប្រតិបត្តិការរបស់ភាគីជប៉ុន ជាមួយអាមេរិកនិងហ្វីលីពីន មិនគួរបំផ្លាញដល់អធិបតេយ្យភាពទឹកដី សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ភាគីចិនទេ ហើយក៏មិនអាចប្រើវាមកគាំទ្រ ការផ្តួចផ្តើមគំនិតខុសច្បាប់របស់ភាគីហ្វីលីពីន។ ភាគីចិនដាស់តឿនយ៉ាងម៉ឺងម៉ាត់ឲ្យភាគីជប៉ុន បញ្ឈប់ការញុះញង់ និងបង្កហេតុ កុំឱ្យក្លាយជាអ្នកបង្កហេតុ និងអ្នកបង្ហការរំខាននៅសមុទ្រចិនខាងត្បូង៕

វិទ្យុមិត្តភាពកម្ពុជាចិន