(ប៉េកាំង)៖ នៅពេលដែលសង្រ្គាម ឬជម្លោះផ្ទុះឡើងនៅលើពិភពលោក អង្គការអន្តរជាតិជាច្រើនតែងតែបញ្ជូនអ្នកជំនាញ ទៅកាន់កន្លែងគ្រោះថ្នាក់ទាំងនោះ ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារសង្រ្គាម។ ក្នុងចំណោមនោះ មានអង្គការមួយជាតំណាង គឺគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។

នៅពេលទទួលកិច្ចសម្ភាសន៍ពិសេសជាមួយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកស្រី Mirjana Spoljaric Egger ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានថ្លែងថា យើងអាចឃើញថា ស្ថានការណ៍សន្តិសុខស្បៀងអាហារ នៅតំបន់ជាច្រើនលើពិភពលោកកាន់តែអាក្រក់ទៅៗ ជាពិសេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ដោយសារតែស្ថានការណ៍អ៊ុយក្រែន ។ ហើយបើតាមការមើលឃើញពីស្ថានការណ៍នៅតំបន់ហ្គាហ្សា យើងអាចមើលឃើញថា ជម្លោះទំនងជាបន្តកើនឡើងនៅកន្លែង ជាច្រើនទៀតជុំវិញពិភពលោក។ រឿងសំខាន់និងចាំបាច់គឺអ្នកដឹកនាំនយោបាយ ត្រូវខិតខំធ្វើការរួមគ្នាដើម្បីស្វែងរកផ្លូវចេញ ហើយផ្លូវចេញនោះគឺតាមរយៈការចរចានយោបាយ។ មិនថាក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច ឬក្នុងវិស័យសន្តិភាព និងសន្តិសុខទេ ចិនគឺជាតួអង្គសំខាន់នៅលើពិភពលោក និងក្នុងតំបន់។ ដូច្នេះហើយ យើងសង្ឃឹមថា ប្រទេសចិននឹងបញ្ចេញឥទ្ធិពលរបស់ខ្លួន ដើម្បីជំរុញប្រទេសនានា ក្នុងការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ព្រោះចិនមានសំឡេងខ្លាំង។

លោកស្រី Mirjana Spoljaric Egger បានថ្លែងថា នៅពេលជួបជាមួយលោក Xi Jinping ប្រធានរដ្ឋចិន អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុត គឺការយល់ដឹងយ៉ាងជ្រាលជ្រៅរបស់លោក Xi Jinping អំពីមនុស្សធម៌ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់លោកក្នុងបុព្វហេតុមនុស្សធម៌ និងជំរុញឱ្យគ្រប់មជ្ឈដ្ឋានគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ យើងបានពិភាក្សាអំពីសារៈសំខាន់ នៃសន្តិភាព និងស្ថិរភាព ហើយក៏បាននិយាយដល់ថា ភាពរុងរឿងមិនអាចបំបែកចេញពីការអភិវឌ្ឍបានទេ ការអភិវឌ្ឍត្រូវការសន្តិភាព និងស្ថិរភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន