(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានប្រកាសថា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងទៅបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៧ ខែមិថុនា ខាងមុខនេះ ហើយនឹងចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ ២០២៤។

រដ្ឋាភិបាលបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក នឹងប្រព្រឹត្តទៅនៅទីក្រុង Dalian នៃខេត្ត Liaoning របស់ប្រទេសចិន។ ចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។ វៀតណាម ពឹងផ្អែកខ្លាំងលើប្រទេសជិតខាងមួយនេះ ទៅលើផ្នែកសម្ភារៈ និងឧបករណ៍សម្រាប់ផលិតផលិតផលរបស់ខ្លួន។

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន CGTN ព្រឹត្តិការណ៍នៅឆ្នាំនេះ នឹងប្រមូលផ្តុំមេដឹកនាំជាង ១,៥០០នាក់មកពីក្រុមធុរកិច្ច រដ្ឋាភិបាល អង្គការអន្តរជាតិ សង្គមស៉ីវិល ព្រមទាំងសហគ្រិនឆ្នើម និងក្រុមអ្នកច្នៃប្រឌិត ដើម្បីបង្កើតការយល់ដឹង និងដំណោះស្រាយរួមគ្នា៕