(ហ្កាហ្សា)៖ នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សចំនួន ៤២នាក់បានស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅថ្ងៃសៅរ៍នេះ ទៅលើសង្កាត់មួយចំនួននៃទីក្រុងហ្កាហ្សា (Gaza City) ភាគខាងជើងនៃតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ ២០២៤។

លោក Ismail Al-Thawabta បានប្រាប់ Reuters ថា ការវាយប្រហារមួយទៅលើផ្ទះនៅជំរំ Al-Shati ដែលជាជំរំដ៏ចំណាស់របស់ជនភៀសខ្លួនទី៨ ក្នុងតំបន់ហ្កាហ្សានោះ បណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់។ ដោយឡែក ជនជាតិប៉ាឡេស្ទីន ១៨នាក់ផ្សេងទៀតបានស្លាប់ ក្នុងការវាយប្រហារលើសង្កាត់ Al-Tuffah។

យោធាអ៉ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយថា យន្តហោះចម្បាំងរបស់កងកម្លាំងអ៉ីស្រាអែល បានវាយប្រហារលើទីតាំងយោធារបស់ក្រុមហាម៉ាសចំនួនពីរកន្លែង នៅក្នុងតំបន់នៃទីក្រុងហ្កាហ្សា។ យ៉ាងនេះក្តី ក្រុមហាម៉ាស់ មិនបានអត្ថាធិប្បាយលើការអះអាងរបស់យោធាអ៉ីស្រាអែលទេ ប៉ុន្តែនិយាយថាការវាយប្រហារនោះ ផ្តោតលើប្រជាជនស៉ីវិល ហើយឆ្លើយតបវិញ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ការវាយប្រហារសងសឹករបស់អ៉ីស្រាអែល ទៅនឹងការវាយឆ្មក់របស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន បានសម្លាប់មនុស្សជាង ៣៧,៤០០នាក់ និងធ្វើឱ្យប្រជាជនស្ទើរតែទាំងអស់នៅតំបន់ហ្កាហ្សា គ្មានផ្ទះសម្បែង និងទុរគត៕