(វ៉ាស៉ីនតោន)៖ ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៉ីបូព៌ា និងប៉ាស៉ីហ្វិក លោក Daniel Kritenbrink បាននិយាយនៅថ្ងៃសៅរ៍នេះថា ស្ថានភាពនៅសមុទ្រចិនខាងត្បូង គឺគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ហើយថាសកម្មភាពនាពេលថ្មីៗនេះរបស់ចិន នៅក្បែរតំបន់មានវិវាទបង្កឱ្យមានអស្ថិរភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ ២០២៤។

ការលើកឡើងរបស់ លោក Kritenbrink ធ្វើឡើងអំឡុងទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ចំពេលភាពតានតឹងរវាងចិន និងហ្វីលីពីននៅសមុទ្រចិនខាងត្បូង កាន់តែកើនឡើង។ លោក Kritenbrink បានគូសបញ្ជាក់ថា «យើងគិតថា សកម្មភាពរបស់ចិន ជាពិសេសថ្មីៗនេះនៅជុំវិញតំបន់ Second Thomas Shoal គឺមានលក្ខណគ្រោះថ្នាក់ និងអស្ថិរភាព។ គ្រប់ប្រទេសនៅក្នុងតំបន់ រួមទាំងចិន ត្រូវតែគោរពច្បាប់អន្តរជាតិ និងចាំបាច់ត្រូវមានអាកប្បកិរិយា ប្រកបដោយការទទួលខុសត្រូវក្នុងដែនសមុទ្រ»។

គួរបញ្ជាក់ថា ប្រទេសចិន នៅមិនទាន់មានការអត្ថាធិប្បាយទេ ជុំវិញការលើកឡើងរបស់ លោក Kritenbrink។ អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសប្តាហ៍នេះ បាននិយាយថា វិធានការចាំបាច់នានាដែលបានធ្វើឡើងនៅសមុទ្រចិនខាងត្បូង គឺស្របតាមច្បាប់ និងវិជ្ជាជីវៈ៕