(មូស្គូ)៖ ក្រុមមន្ត្រីរុស្ស៉ី នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនានេះបានឱ្យដឹងថាអ៊ុយក្រែនបានបាញ់ដ្រូនជាច្រើនគ្រឿង ដើម្បីវាយប្រហារលើគោលដៅមួយចំនួនក្នុងទឹកដីរុស្ស៉ី តែមិនមានសេចក្ដីរាយការណ៍ពីការខូចខាតអ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមអភិបាលតំបន់ Bryansk លោក Alexander Bogomaz ដ្រូនយ៉ាងហោច ២៣គ្រឿងត្រូវបានកម្ទេចនៅក្នុងតំបន់មួយនេះដែលមានព្រំដែនជាប់អ៊ុយក្រែន ខណៈអភិបាល លោក Vasily Anokhin បានបញ្ជាក់ថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីក៏បានកម្ទេចដ្រូន នៅក្នុងតំបន់ Smolensk ស្ថិតនៅភាគខាងលិចប្រទេសរុស្ស៉ីផងដែរ។ ប៉ុន្តែ ភ្លាមៗលោក មិនបានឱ្យដឹងថាមានដ្រូនប៉ុន្មានគ្រឿងត្រូវបានបាញ់ទម្លាក់ ឬក៏ថាតើមានជនរងគ្រោះដែរឬក៏យ៉ាងណានោះទេ។

គួរបញ្ជាក់ថា អ៊ុយក្រែន តែងតែអះអាងជារឿយៗពីការវាយប្រហារដោយប្រើដ្រូន ក្នុងទឹកដីរុស្ស៉ី ក្នុងគោលបំណងបំផ្លាញកិច្ចប្រឹងប្រែងសង្រ្គាមរបស់មូស្គូ និងជាការឆ្លើយតបទៅ នឹងការវាយប្រហារឥតឈប់ឈររបស់រុស្ស៉ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន៕