(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិក ២នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាការអះអាងមួយរបស់ក្រុមហ៊ូទី កាលពីថ្ងៃសៅរ៍ ទី២២ ខែមិថុនាដែលថាកងកម្លាំងរបស់ខ្លួនបាន វាយប្រហារលើនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក Dwight D. Eisenhower នៅក្នុងតំបន់សមុទ្រក្រហម គឺជារឿងមិនពិត។

នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីអាមេរិកទាំង២នាក់ខាងលើ បានបញ្ជាក់ប្រាប់ Reuters យ៉ាងខ្លីដូច្នេះថា «វាគឺជារឿងមិនពិតនោះទេ»។ ក្រុមហ៊ូទី ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែកបានបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញ និងជួនកាលវាយប្រហារលើនាវាចម្បាំងអាមេរិកនៅក្នុងតំបន់សមុទ្រក្រហម តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២៣ មកម្ល៉េះ ជាសកម្មភាពមួយដែលពួកគេអះអាងថាជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ជាទីដែលអ៉ីស្រាអែលកំពុងធ្វើសង្រ្គាមប្រឆាំងនឹង ក្រុមហាម៉ាស។

នៅក្នុងការវាយប្រហារច្រើនជាង ៧០លើក ក្រុមហ៊ូទីបានបាញ់ពន្លិចកប៉ាល់ដឹកទំនិញ ២គ្រឿង រឹបអូសកប៉ាល់មួយគ្រឿង ព្រមទាំងសម្លាប់បុគ្គលិកធ្វើការនៅលើកប៉ាល់ដឹកទំនិញ ៣នាក់។ តែព្រមពេលជាមួយគ្នា នាវាចម្បាំងអាមេរិកក៏បានបាញ់កម្ទេចមីស៊ីល និងដ្រូនមួយភាគធំរបស់ក្រុមហ៊ូទីដោយជោគជ័យផងដែរ និងដឹកនាំការវាយប្រហារតាមផ្លូវអាកាស ម្ដងហើយម្ដង លើគោលដៅយោធារបស់ក្រុមហ៊ូទីក្នុងទឹកដីយេម៉ែន។

គួរបញ្ជាក់ថា នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក Eisenhower ដែលបានបិទបញ្ចប់បេសកកម្មដាក់ពង្រាយទៅកាន់តំបន់សមុទ្រក្រហមកាលពីថ្ងៃសៅរ៍ នឹងត្រូវបញ្ជូន​ឱ្យទៅឈរជើង រយ​ៈពេលខ្លី ក្នុងតំបន់សមុទ្រមេឌីទែររ៉ាណេ៕