(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ ទី២៤ ខែមិថុនាបានព្រមានថាគោលនយោបាយរបស់អ្នកនយោបាយស្ដាំនិយមជ្រុល និងឆ្វេងនិយមជ្រុល អាចនឹងបង្កឱ្យសង្រ្គាមស៊ីវិលផ្ទុះឡើង ខណៈបារាំងកំពុងត្រៀមរៀបចំការបោះឆ្នោតសភាមុនអាណត្តិដ៏រកាំរកូសបំផុតមួយ ក្នុងពេលរាប់ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នយោបាយក្នុងប្រទេសបារាំង បានធ្លាក់ចូលក្នុងភាពចលាចល បន្ទាប់ពីលោក Macron បានរំលាយរដ្ឋសភា និងអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ក្រោយ គណបក្សកណ្ដាលនិយមរបស់លោក បរាជ័យក្រោមថ្វីដៃគណបក្សស្ដាំនិយមជ្រុល ក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុបកាលពីដើមខែមិថុនា។ ថ្លែងទៅកាន់កម្មវិធី podcast ក្រោម ប្រធានបទ «Generation Do It Yourself» លោក Macron មានអាយុ៤៦ឆ្នាំ បានថ្កោលទោសទាំងគណបក្សស្ដាំនិយមជ្រុល National Rally (RN) និងគណបក្សឆ្វេងនិយមជ្រុល ឡា ហ្រ្វង់ អាំងស៊ូមី (La France insoumise)។ ប្រធានាធិបតីបារាំងរូបនេះបានចោទប្រកាន់ថាក្រុមអ្នកស្ដាំនិយមជ្រុលកំពុងបំបែកបាក់ និងរុញច្រានប្រទេសឆ្ពោះទៅរក សង្រ្គាមស៊ីវិល ខណៈចោទដែរថាគណបក្ស La France insoumise មានចេតនាបង្កើតទម្រង់ដឹកនាំតាមបែបកុម្មុយនិស្ដ ដែលអាចនឹងបង្កទៅជាសង្រ្គាមស៊ីវិលដូចគ្នាដែរ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Macron កើតមានឡើង បន្ទាប់ពីការស្ទង់មតិមួយកាលពីចុងសប្ដាហ៍កន្លងទៅបង្ហាញថាគណបក្ស National Rally អាចនឹងទទួលបាន ជ័យជម្នះចន្លោះពី ៣៥ ដល់៣៦ភាគរយ ក្នុងការបោះឆ្នោតសភាជុំទី១ នៅថ្ងៃអាទិត្យចុងសប្ដាហ៍ខាងមុខនេះ ដោយនាំមុខគណបក្សសម្ព័ន្ធឆ្វេងនិយម ដែលត្រូវបានព្យាករថានឹង ទទួលបានសំឡេងគាំទ្រពី២៧ ដល់២៩.៥ភាគរយ ខណៈគណបក្សកណ្ដាលនិយមរបស់លោក Macron អាចទទួលបានសំឡេងគាំទ្រ ១៩.៥ភាគរយ ដល់ ២២ភាគរយ។

ការបោះឆ្នោតសភាបារាំងជុំទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា នៅតាមមណ្ឌលបោះឆ្នោតណាដែលមិនមានបេក្ខជនណាមួយទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយ ក្នុងការបោះឆ្នោតជុំទី១៕