(កៀវ)៖ អ៊ុយក្រែនបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានទទួលប្រព័ន្ធការពារដែនអាកាស Patriot ទីបីពីអាល្លឺម៉ង់ បន្ទាប់ពីការអំពាវនាវរយៈពេលជាច្រើនខែ ដើម្បីការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។

ការវាយប្រហារតាមផ្លូវអាកាសដោយរុស្ស៊ី បានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់បណ្តាញថាមពលអគ្គិសនីរបស់អ៊ុយក្រែននៅនិទាឃរដូវកន្លងទៅ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីដើមឆ្នាំនេះថា ប្រទេសរបស់គាត់ត្រូវការយ៉ាងហោចណាស់ប្រព័ន្ធ Patriot ចំនួនប្រាំពីរបន្ថែមទៀត ដើម្បីការពារខ្លួន។

ក្រសួងការពារជាតិអ៊ុយក្រែន បានថ្លែងអំណរគុណដល់អាល្លឺម៉ង់ចំពោះការគាំទ្រយ៉ាងមោះមុត និងបញ្ជាក់ថាប្រព័ន្ធនេះត្រូវបានបញ្ជូនរួចហើយ។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅអ៊ុយក្រែន លោក Martin Jaeger បាននិយាយថា ប្រព័ន្ធនេះ «នឹងជួយពង្រឹងការការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធ»។ ក្រុមប្រតិបត្តិការរបស់អ៊ុយក្រែន បានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យនៅក្នុងប្រទេសអាល្លឺម៉ង់។

ទីក្រុងកៀវបានបង្ហាញពីក្តីសង្ឃឹមសម្រាប់វឌ្ឍនភាពលើបញ្ហានៃការផ្គត់ផ្គង់ការពារដែនអាកាស នៅក្នុងកិច្ចប្រជុំកំពូល NATO នៅទីក្រុងវ៉ាស៊ីនតោន សប្តាហ៍ក្រោយ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងកៀវត្រូវបានគេរំពឹងថានឹងទទួលបាន «ដំណឹងល្អ» នៅក្នុងកិច្ចប្រជុំកំពូលនេះ៕