(រ៉ាម៉ាឡា)៖ ប្រភពពីប៉ាឡេស្ទីន និងអ៊ីស្រាអែល បាននិយាយនៅថ្ងៃសុក្រនេះថា ជនជាតិប៉ាឡេស្ទីន ប្រាំពីរនាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមអាកាស និងការបាញ់កាំភ្លើងរបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Jenin និងជំរុំជនភៀសខ្លួននៅភាគខាងជើងតំបន់ West Bank។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។

ប្រភពសន្តិសុខប៉ាឡេស្ទីន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ថាយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានកំណត់គោលដៅលើក្រុមយុវជននៅក្នុងជំរុំ Jenin ហើយកងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធផ្ទះមួយ នៅខាងលិចទីក្រុង Jenin ចំពេលមានការបាញ់ប្រហារគ្នាជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន។

ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ទាហានរបស់ខ្លួនបានអនុវត្តសកម្មភាព «ប្រឆាំងភេរវកម្ម» នៅក្នុងតំបន់ Jenin ។

សេចក្តីថ្លែងការណ៍បាននិយាយថា «ទាហានបានឡោមព័ទ្ធអគារមួយដែលពួកភេរវករត្រូវបានលាក់ទុក ហើយទាហានអ៊ីស្រាអែលបានបាញ់តបតជាមួយភេរវករ។ ក្នុងអំឡុងពេលនៃការបាញ់ប្រហារនោះ យន្តហោះរបស់កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកទៅលើភេរវករប្រដាប់អាវុធជាច្រើននាក់នៅក្នុងតំបន់»។

គួរបញ្ជាក់ថា ទីក្រុង Jenin និងជំរំជនភៀសខ្លួនបាននិងកំពុងមើលឃើញភាពតានតឹងខ្លាំងអស់រយៈពេលជាង ២ឆ្នាំមកហើយ ដោយភាពតានតឹងនេះកាន់តែខ្លាំងឡើង ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលនៅដើមខែតុលា ឆ្នាំ ២០២៣។

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥៦០នាក់ចាប់តាំងពីខែតុលាឆ្នាំ ២០២៣ នៅទូទាំងតំបន់ West Bank និង Jerusalemខាងកើត៕