(ឡុងដ៍)៖ លោក Keir Starmer បានក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃចក្រភពអង់គ្លេស កាលពីនៅថ្ងៃសុក្រ ទី៥ ខែកក្កដានេះ បន្ទាប់ពីគណបក្សពលករ (Labour Party) ដែលជាបក្សប្រឆាំង របស់លោកបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល ដែលបានបិទបញ្ចប់ការគ្រប់គ្រងអំណាចរយៈពេល១៤ឆ្នាំ របស់គណបក្សអភិរក្សនិយម (Conservative)។

បក្ស Labour ឈ្នះបានអាសនៈលើស៣២៦អាសនៈ ដែលចាំបាច់ដើម្បីក្តោបក្តាប់​សំឡេងភាគច្រើន នៅក្នុងរដ្ឋសភាអង់គ្លេស ដែលមានអាសនៈសរុបចំនួន៦៥០។ រីឯបក្ស Conservative ទទួលបានត្រឹម១៣១អាសនៈប៉ុណ្ណោះ ដែលជាចំនួនដ៏ទាបបំផុតមួយ ហើយវាគឺជាការវិលត្រឡប់ មកកាន់អំណាចសាជាថ្មី សម្រាប់គណបក្ស Labour គិតចាប់តាំងពីឆ្នាំ២០១០ ជាមួយអាសនៈសរុប​រហូតដល់៤១០អាសនៈ។

* តើលោក Keir Starmer ជានរណា?

លោក Keir Starmer កើតនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦២ ក្នុងទីក្រុងឡុងដ៍ និងជាកូនទី២ នៅក្នុងគ្រួសារមួយដែលកូន៤នាក់។ លោកមានម្ដាយជាគិលានុដ្ឋាយាកា និងមានឪពុកជា សិប្បករ។ ប៉ុន្តែម្ដាយរបស់លោកមានជំងឺធ្ងន់ធ្ងរ និងបានស្លាប់តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុននឹងរូបលោកជាប់ឆ្នោតជាលើកដំបូងក្លាយជាសមាជិកសភាអង់គ្លេស ក្នុងឆ្នាំ២០១៥។ ៣ឆ្នាំ ក្រោយមកទៀត ឪពុករបស់លោកក៏បានទទួលមរណភាពផងដែរ។ លោក Starmer ខ្លួនឯងបាននិយាយថាលោកមិនសូវមានទំនាក់ទំនងល្អជាមួយឪពុករបស់លោកនោះទេ រហូតដល់ថ្នាក់ មិនដែលនិយាយពាក្យថាស្រឡាញ់ទៅកាន់ឪពុក ដែលនេះជារឿងមួយធ្វើឱ្យរូបលោកសោកស្ដាយជាទីបំផុត។

លោក Starmer ជាសមាជិកដំបូងម្នាក់នៅក្នុងគ្រួសារដែលបានចូលរៀននៅសាកលវិទ្យាល័យ ជាមួយការបញ្ចប់ការសិក្សាផ្នែកច្បាប់មកពីសាកលវិទ្យាល័យ Oxford។ លោកបានរៀបការ ជាមួយលោកស្រី Victoria Starmer ក្នុងឆ្នាំ២០០៧ និងមានកូន ២ម្នាក់ ដោយកូនប្រុសមានអាយុ១៦ឆ្នាំ និងកូនស្រីមានអាយុ១៣ឆ្នាំ។ លោក Starmer ធ្លាប់ធ្វើការឱ្យទស្សនាវដ្ដីមាន និន្ននាការឆ្វេងនិយមមួយមានឈ្មោះថា Socialist Alternatives និងក្រោយមកទៀត បានក្លាយជាមេធាវីម្នាក់ រហូតឡើងតំណែងក្លាយជាប្រធានរដ្ឋអាជ្ញាអង់គ្លេសក្នុងឆ្នាំ២០០៨ ហើយ ទទួលបានមេដាយកិត្តិយសថ្នាក់ជាតិក្នុងឆ្នាំ២០១៤ មុននឹងឈានជើងចូលក្នុងអាជីពនយោបាយ។ នៅឆ្នាំ២០១៥ លោកបានជាប់ឆ្នោតជាសមាជិកសភាអង់គ្លេស និងបានក្លាយជា ប្រធានគណបក្ស Labour Party នៅខែមេសា ឆ្នាំ២០២០។

គួរបញ្ជាក់ថា នៅក្រោយទទួលបានជ័យជម្នះ លោក Starmer បានប្ដេជ្ញាថានឹងគិតគូពីប្រទេសជាតិ មុនគណបក្ស និងសន្យាកែប្រែ «វប្បធម៌មួយក្នុងគណបក្សពលករ ឬ Labour Party»។ លោកក៏បានសន្យាចំពោះអ្នកបោះឆ្នោតដែរថារដ្ឋាភិបាលអង់គ្លេសក្រោមការដឹកនាំរបស់គណបក្ស Labour អាចដោះស្រាយបញ្ហាតម្លៃផ្ទះឡើងថ្លៃក្នុងចក្រភពអង់គ្លេស ព្រមទាំង ជួសជុលឡើងវិញនូវសេវាសាធារណៈ ជាពិសេសគឺវិស័យសុខាភិបាល ដោយនឹងមិនដំឡើងពន្ធ ឬធ្វើឱ្យបំណុលសាធារណៈកើនឡើងនោះឡើយ៕