(តេហេរ៉ង់)៖ ក្រសួងមហាផ្ទៃនៃប្រទេសអ៉ីរ៉ង់ បានប្រកាសថា បេក្ខជនប្រកាន់និន្នាការកំណែទម្រង់និយម លោក Masoud Pezeshkian កាលពីថ្ងៃទី៦ ខែកក្កដានេះ គឺជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៉ីរ៉ង់ជុំទី២ ដែលជាជុំចុងក្រោយ ក្រោយផ្តួលបេក្ខជនអភិរក្សនិយម លោក Saeed Jalili។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

លោក Pezeshkian ទទួលបានសំឡេងគាំទ្រជាង ១៦លានសំឡេង ខណៈលោក Jalili ទទួលបានជាង១៣លានសំឡេង ក្នុងចំណោម​សន្លឹកឆ្នោតសរុប ប្រហែល៣០លានសន្លឹកដែល ត្រូវបានបោះ។ អត្រាប្រជាជនអ៉ីរ៉ង់មានសិទ្ធិបោះឆ្នោត ដែលបានទៅចូលរួមបោះជុំទី២នេះ គឺ៤៩.៨ ភាគរយ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៉ីរ៉ង់ខាងលើនេះ ដំបូងឡើយ គឺត្រូវធ្វើឡើងនៅឆ្នាំ២០២៥ ឯណោះទេ ប៉ុន្តែវាបានប្រព្រឹត្តទៅមុន​ពេលកំណត់បែបនេះ ដោយសារប្រធានាធិបតីលោក Ebrahim Raisi បានទទួលមរណភាព នៅក្នុងគ្រោះថ្នាក់ធ្លាក់ ឧទ្ធម្ភាគចក្រ កាលពីខែឧសភា។

* ពីគ្រូពេទ្យឯកទេសវះកាត់បេះដូង ក្លាយជាប្រធានាធិបតីថ្មីរបស់អ៉ីរ៉ង់

លោក Masoud Pezeshkian កើតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៥៤ ក្នុងទីក្រុង Mahabad ស្ថិតនៅភាគពាយព្យនៃប្រទេសអ៉ីរ៉ង់។ លោកមានឪពុកជាជនជាតិអាស៊ែបៃហ្សង់ និងមានម្ដាយ ជាជនជាតិឃើដ។ លោកអាចនិយាយភាសាអាស៊ែបៃហ្សង់បានយ៉ាងស្ទាត់ជំនាញ។ លោក Pezeshkian ធ្លាប់បានបម្រើការងារជាគ្រូពេទ្យនៅលើសមរភូមិសង្រ្គាមរវាងអ៉ីរ៉ាក់ និងអ៉ីរ៉ង់ ហើយ ក្រោយមក បានក្លាយជាគ្រូពេទ្យឯកទេសវះកាត់បេះដូង ព្រមទាំងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Tabriz University of Medical Sciences។ ជីវិតរបស់លោកបានផ្លាស់ប្ដូរ ដោយ លោកបានងាកទៅចំណាយពេលភាគច្រើនលើនយោបាយ បន្ទាប់ពីភរិយា គឺលោកស្រី Fatemeh Majidi និងកូនស្រីម្នាក់របស់លោកបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ១៩៩៤។ លោកវេជ្ជបណ្ឌិតរូបនេះមិនបានរៀបការប្រពន្ធថ្មីទេ និងបានចិញ្ចឹមបីបាច់ថែរក្សាកូនប្រុស២នាក់ និងកូនស្រីម្នាក់ទៀត ក្នុងនាមជាបុរសពោះម៉ាយ។

លោក Pezeshkian បានប្រឡូកចូលឆាកនយោបាយ ដោយកាន់តំណែងជាអនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ និងបន្ទាប់មក ក្លាយជារដ្ឋមន្ត្រីសុខាភិបាល នៅក្រោមអាណត្តិដឹកនាំដោយ ប្រធានាធិបតីមាននិន្នាការកំណែទម្រង់លោក Mohammad Khatami។ នៅឆ្នាំ២០០៦ លោក Pezeshkian បានជាប់ឆ្នោតជាតំណាងរាស្ត្រម្នាក់ប្រចាំទីក្រុង Tabriz និងតមកទៀត បានក្លាយជាអនុប្រធានសភា ជាមួយការប្រកាន់ខ្ជាប់និន្នាការកំណែទម្រង់។

គួរបញ្ជាក់ថា លោក Pezeshkian ក៏ធ្លាប់បានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអ៉ីរ៉ង់ កាលពីឆ្នាំ២០១១ផងដែរ តែលោកបានដកខ្លួនចេញពីការប្រកួតវិញ។ លោក បានចូលរួមប្រកួតក្នុងការបោះឆ្នោតជាថ្មីក្នុងឆ្នាំ២០១៣ និងឆ្នាំ២០២១ តែទទួលបរាជ័យ៕