(ប៉ារីស)៖ ការិយាល័យបោះឆ្នោតនៅទូទាំប្រទេសបារាំង បានបើកទ្វារហើយ នៅថ្ងៃអាទិត្យ ទី៧ ខែកក្កដានេះ សម្រាប់ការបោះឆ្នោតសភាជុំទី២ ដែលត្រូវបានគេរំពឹងថាគណបក្សស្ដាំនិយមជ្រុល National Rally (RN) របស់លោកស្រី ម៉ារីន ឡឺ ប៉ែន (Marine Le Pen) អាចនឹងទទួលបានជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការិយាល័យបោះឆ្នោតបានចាប់ផ្ដើមបើកទ្វារ នៅម៉ោង៨៖០០នាទីព្រឹក (ម៉ោងបារាំង) រហូតដល់ម៉ោង ៦៖០០នាទី ឬុម៉ោង ៨៖០០នាទីយប់ នៅតាមទីក្រុងធំៗ ហើយលទ្ធផលបោះឆ្នោតនឹងត្រូវរាប់ និងចេញផ្សាយជាបណ្ដើរៗ។ តាមការស្ទង់មតិ គណបក្សស្ដាំនិយមជ្រុល RN ដែលមាននិន្នាការប្រឆាំងជនអន្តោប្រវេសន៍ និងស្អប់សហភាពអឺរ៉ុប អាចនឹងបន្តឈ្នះក្នុងជុំទី២នេះ តែប្រហែលជាមិនអាច ទទួលបានសំឡេងភាគច្រើនដាច់ខាតនោះទេ។ ការក្ដាប់សំឡេងភាគច្រើនរបស់បក្សស្ដាំនិយមជ្រុលនៅក្នុងសភាបារាំង អាចនឹងបង្កជាការបែកបាក់ផ្ទៃក្នុងកាន់តែស៊ីជម្រៅ។

គួរបញ្ជាក់ថា គណបក្ស National Rally (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសភាបារាំងមុនអាណត្តិជុំទី១ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ជាមួយសំឡេងគាំទ្រ ៣៤ភាគរយនៃសន្លឹកឆ្នោតសរុប ខណៈសម្ព័ន្ធគណបក្ស Together alliance របស់លោក ម៉ាក្រុង ទទួលបានសំឡេងគាំទ្រពី ២៣ភាគរយប៉ុណ្ណោះ។ ជ័យជម្នះណាមួយ របស់គណបក្ស RN គឺជាបរាជ័យ និងតម្រិះជិះកឯងរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដែលជាអ្នកអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ក្រោយគណបក្សរបស់ លោកចាញ់ក្រោមថ្វីដៃ គណបក្សស្ដាំនិយមជ្រុល RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីដើមខែមិថុនាកន្លងទៅ៕