(ហ្ស៊េរុយសាឡិម)​៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដាថារាល់កិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា ត្រូវតែអនុញ្ញាតឱ្យ អ៉ីស្រាអែលអាចចាប់ផ្ដើមការប្រយុទ្ធឡើងវិញគ្រប់ពេល រហូតទាល់តែសម្រេចគោលដៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោក Netanyahu កើតមានឡើងចំពេលកិច្ចចរចាស្ដីពីផែនការមួយរបស់សហរដ្ឋអាមេរិក ដែលមានគោលបំណងបិទបញ្ចប់សង្រ្គាមស៊ីពេលអស់ជាង៩ខែមកនេះ ត្រូវបានរំពឹងថានឹងចាប់ផ្ដើមឡើងវិញ ខណៈក្រុមហាម៉ាសបាននិយាយថាពួកគេកំពុងរង់ចាំចម្លើយតបរបស់អ៉ីស្រាអែល ចំពោះសំណើចុងក្រោយបំផុតរបស់ខ្លួន។ ក្រុមហាម៉ាសបានទម្លាក់ចោល លក្ខខណ្ឌដ៏សំខាន់មួយដែលតម្រូវឱ្យអ៉ីស្រាអែលប្ដេជ្ញាចិត្តជាមុនសិនក្នុងការទទួលយកបទឈប់បាញ់ មុននឹងខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ។

ក៏ប៉ុន្តែ លោក Netanyahu នៅតែទទូចដដែលថារាល់កិច្ចព្រមព្រៀងទាំងអស់ ត្រូវតែកុំមានលក្ខខណ្ឌរារាំងមិនឱ្យអ៉ីស្រាអែលចាប់ផ្ដើមការប្រយុទ្ធឡើងវិញ រហូតទាល់តែកម្មវត្ថុសង្រ្គាមរបស់ អ៉ីស្រាអែលសម្រេចបានជោគជ័យ។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះបានបញ្ជាប់បន្ថែមដូច្នេះថា «ផែនការដែលត្រូវបានឯកភាពដោយអ៉ីស្រាអែល និងដែលទទួលបានការស្វាគមន៍ពី លោកប្រធានាធិបតី បៃដិន នឹងអនុញ្ញាតឱ្យអ៉ីស្រាអែលនាំចំណាប់ខ្មាំងត្រឡប់ទៅផ្ទះវិញ ដោយមិនបង្កការរាំងស្ទះដល់កម្មវត្ថុដទៃទៀតនៃសង្រ្គាមនោះទេ»។

គួរបញ្ជាក់ថា បើតាមលោក Benjamin Netanyahu កិច្ចព្រមព្រៀងដែលលោកបានលើកឡើង ក៏ត្រូវតែហាមឃាត់ផងដែរការរត់ពន្ធអាវុធទៅឱ្យក្រុមហាម៉ាស ឆ្លងកាត់តាមព្រំដែនហ្កាហ្សា និងអេហ្ស៉ីប ហើយក៏មិនគួរអនុញ្ញាតឱ្យក្រុមប្រដាប់អាវុធរាប់ពាន់នាក់ ត្រឡប់ទៅភាគខាងជើងនៃតំបន់ហ្កាហ្សាវិញនោះដែរ៕