(មូស្គូ)៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធ FSB នៃប្រទេសរុស្ស៉ី បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានរារាំងការប៉ុនប៉ងរបស់អ៊ុយក្រែន ដែលមាន​គោលដៅរៀបចំ គម្រោងប្លន់យក យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-22M3 របស់រុស្ស៉ី ហើយហោះហើរវាយកទៅអ៊ុយក្រែន។ នេះបើ​តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤។

ទីភ្នាក់ងារ FSB បានចេញសេចក្តីប្រកាសនៅលើវែបសាយរបស់ខ្លួនដូច្នេះថា «បណ្តាញស៉ើបការណ៍សម្ងាត់អ៊ុយក្រែន បានប៉ុនប៉ង​អូសទាញពីឡុតយោធារុស្ស៉ីម្នាក់ ដោយប្រើប្រាស់លុយ និងការផ្តល់សញ្ជាតិអ៉ីតាលីជាថ្នូរ ដើម្បីបញ្ចុះបញ្ចូលរូបគេ ឱ្យហោះហើរ​និងចុះច តយន្តហោះទម្លាក់គ្រាប់បែក១គ្រឿង នៅអ៊ុយក្រែន»។ បើតាម ទីភ្នាក់ងារ FSB អាកាសយានិករុស្ស៉ីរូបនោះ ត្រូវបានគេស្នើផ្តល់លុយចំនួន ៣លានដុល្លារអាមេរិក សម្រាប់ការប្លន់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-22M3 ទៅចុះចតនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា Tu-22M3 គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយ និងមានល្បឿនលឿនជាងសំឡេង ដែលត្រូវបាន​រចនាឡើង សម្រាប់ប្រតិបត្តិការវាយប្រហារលើគោលដៅនៅលើដីគោក និងនៅលើផ្ទៃទឹក ដោយប្រើប្រាស់មីស៉ីលព្រមទាំងគ្រាប់បែក។ យន្តហោះទម្លាក់គ្រាប់បែកនេះ មានសមត្ថភាពផ្ទុកអាវុធធម្មតាក៏បាន ហើយនិងអាវុធនុយក្លេអ៊ែរក៏បាន៕