(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara បាននិយាយនៅថ្ងៃចន្ទនេះថា ជប៉ុនមានបំណងចង់ពង្រឹងទំនាក់ទំនងសន្តិសុខ ជាមួយប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក និងអូស្ត្រាលី ក្រោមក្របខណ្ឌត្រីភាគី និងពហុភាគី។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ ២០២៤។

ការបញ្ជាក់របស់លោក Kihara ធ្វើឡើងក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីហ្វីលីពីន និងនៅបន្ទាប់ពីជប៉ុន-ហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាមួយ ឬហៅកាត់ថា RAA ដែលនឹងអនុញ្ញាតឱ្យប្រទេសទាំង២ ដាក់ពង្រាយកងកម្លាំងរបស់ ពួកគេនៅលើទឹកដីគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្រ្តីការពារជាតិជប៉ុន កំពុងស្ថិតនៅក្នុងទីក្រុងម៉ានីល ដើម្បីពិភាក្សាជាមួយសមភាគីហ្វីលីពីន ក្នុងទម្រង់រដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីការពារជាតិនិងរដ្ឋមន្រ្តីការពារជាតិ នៅថ្ងៃចន្ទនេះ៕