(ហ្កាហ្សា)៖ កងកម្លាំងអ៉ីស្រាអែល បានវាយលុកលើទីក្រុងហ្កាហ្សា (Gaza City) នៅព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ហើយរថក្រោះជាច្រើនគ្រឿង បានរុលចូលទៅដល់កណ្តាលទីក្រុង ឆ្ពោះមកពីទិសដៅផ្សេងៗគ្នា ដោយអ្នកស្រុកពិណ៌នាថា ជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមួយ ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ ២០២៤។

សេវាសង្រ្គោះបន្ទាន់ស៉ីវិលនៅតំបន់ហ្កាហ្សានិយាយថា មនុស្សជាច្រើននាក់បានស្លាប់ ប៉ុន្តែក្រុមរបស់ខ្លួនមិនអាចទៅដល់ពួកគេបានទេ ដោយសារការវាយលុកដែលកំពុងបន្តនៅក្នុងសង្កាត់ Daraj និង Tuffah នៅភាគខាងកើត និង Tel Al-Hawa, Sabra និង Rimal នៅឯភាគខាងលិច។ មកទល់នឹងពេលនេះ រថក្រោះអ៉ីស្រាអែល បានឈរជើងនៅទីតាំមួយចំនួននៃសង្កាត់ Tel Al-Hawa និងសង្កាត់ Sabra ប៉ុន្តែមិនទាន់ទៅដល់សង្កាត់ ៣ផ្សេងទៀត ដែលក្រុមអ្នកស្រុកនិយាយថា កំពុងរងការទម្លាក់គ្រាប់បែកចាប់តាំងពី យប់រហូតដល់ព្រឹកព្រលឹមថ្ងៃនេះនោះទេ ស្របពេលដែលអគារច្រើនជាន់ជាច្រើនត្រូវបានបំផ្លាញ។ អ្នកស្រុកបានបន្ថែមថា រថក្រោះអ៉ីស្រាអែលមួយគ្រឿងមកពីទិសខាងកើត កំពុងរុញច្រានមនុស្សឱ្យឆ្ពោះទៅកាន់ផ្លូវនៅភាគខាងលិច ក្បែរតំបន់សមុទ្រមេឌីទែរ៉ាណេ។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល ក៏បានទទួលស្គាល់ថាខ្លួនបាននិងកំពុងដំណើរការប្រតិបត្តិការ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ហើយទប់ស្កាត់បាននូវសកម្មភាពរបស់សមាជិកហាម៉ាសជាង ៣០នាក់ដែលគំរាមកំហែងដល់កងទ័ពអ៉ីស្រាអែល៕