(កៀវ)៖ មេដឹកនាំអង្គការណាតូកំពុងជួបគ្នា ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលកិច្ចប្រជុំកំពូលនេះបានស្របនឹងខួបលើកទី៧៥ នៃ អង្គការសម្ព័ន្ធភាពសន្ធិសញ្ញាអត្លង់ទិកខាងជើងថែមទៀត។ ថ្លែងនៅក្នុងសុន្ទរកថាបើក ប្រធានាធិបតីអាមេ រិកលោក Joe Biden បាននិយាយថា អ៊ុយក្រែននឹងទទួលបាន ប្រព័ន្ធការពារដែនអាកាសរាប់ សិបគ្រឿងបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។

កិច្ចប្រជុំកំពូលអង្គការណាតូ បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដែលចំណុចសំខាន់បំផុតនៃកិច្ច ពិភាក្សាគឺសង្គ្រាមអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏មាន វត្តមានក្នុងសហរដ្ឋអាមេរិកដើម្បីចូលរួម ក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

ប្រធានាធិបតីអាមេរិកលោកចូបៃដិន បានអំពាវនាវសមាជិកអង្គការណាតូត្រូវរួមគ្នាគាំទ្រអ៊ុយ ក្រែន ដោយលោកបញ្ជាក់ថាមេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន មានបំណងចង់បំបាត់អ៊ុយ ក្រែនចេញពីផែនទីរបស់ពិភពលោក។ លោក ចូ បៃដិន បានថ្លែងថាអ៊ុយក្រែនអាចយក ជ័យជំនះលើលោកពូទីនបានជាមួយនឹងការ គាំទ្ររួមគ្នាទាំងស្រុងរបស់សមាជិក នៃអង្គការណាតូទាំងអស់។ លោកចូបៃដិនបញ្ជាក់ថា លោកពូទីននឹងមិនព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឡើយ។

កិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងរដ្ឋធានីវ៉ាស៊្ហីនតោនរយៈពេល៣ថ្ងៃរវាងពីថ្ងៃទី៩ដល់ ១១កក្កដា បានអញ្ជើញចូលរួមដោយសមាជិក របស់ខ្លួន៣២ប្រទេស, ប្រទេសជាដៃគូពាក់ព័ន្ធ និងប្រទេសក្នុងចង្កោមសហគមន៍អឺរ៉ុប ដែលកិច្ចពិភាក្សាឆ្នាំ២០២៤នេះ ត្រូវបានគេចាត់ទុកថា មានសារៈសំខាន់ជាខ្លាំង ខណៈសង្គ្រាមធំ២កំពុងផ្ទុះឡើងនៅក្នុងពិភពលោកនេះ គឺសង្គ្រាម អ៊ុយក្រែននិងសង្គ្រាមក្នុងតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។

ពិភពលោកកំពុង បារម្ភខ្លាចក្រែងសង្គ្រាមទាំង២នេះ នឹងរាលដាលចូលមកក្នុងតំបន់ឬនឹងអាចក្លាយជាសង្គ្រាម លោកលើកទី៣ថែមទៀត ដោយសារការចងសម្ព័ន្ធភាពកៀរគរកម្លាំងគ្នារវាងម្ខាងនាំមុខ ដោយសហរដ្ឋអាមេរិក និងម្ខាងទៀតនាំមុខដោយរុស្ស៊ីនិងប្រទេស នៃសម្ព័ន្ធមិត្តរបស់រុស្ស៊ី។

កិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងរដ្ឋធានីវ៉ាស៊្ហីនតោន បានទន្ទឹមនឹងព្រឹត្តិការណ៍ត្រៀម បោះឆ្នោតខែវិច្ឆិកាជ្រើសរើសមេដឹកនាំថ្មី របស់សហរដ្ឋអាមេរិកដែលកំពុងបារម្ភនូវភាពទន់ ខ្សោយនៃគ្រឹះដឹកនាំអង្គការបក្ខសម្ព័ន្ធណាតូ ប្រសិនណាបើលោកដូណាល់ត្រាំ នៃគណបក្ស សាធារណរដ្ឋនឹងវិលត្រឡប់មកកាន់អំណាចនៅសេតវិមានសាជាថ្មី។ លោកដូណាល់ត្រាំ បានព្រមានរួចមកហើយថា បើសិនជាលោកក្លាយជាប្រធានាធិបតីថ្មីអាមេរិក លោកនឹងធ្វើឱ្យ សង្គ្រាមនេះចប់ក្នុងរយៈពេល២៤ម៉ោង និងលោកមិនផ្តល់ជំនួយអ្វី សូម្បីតែមួយសេនដល់អ៊ុយ ក្រែនឡើយ។

*** លោកហ្សេឡិនស្គីអំពាវនាវប្រទេសបក្ខសម្ព័ន្ធធ្វើសកម្មភាពប្រឆាំងលោកពូទីននៅមុនការ បោះឆ្នោតសហរដ្ឋអាមេរិក

ថ្លែងក្នុងរដ្ឋធានីវ៉ាស៊ីនតោននាថ្ងៃទី៩កក្កដា, ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវដល់ មេដឹកនាំនយោបាយនៅក្នុងសហរដ្ឋអាមេរិក សូមឱ្យមានភាព រឹងមាំនិងមិនត្រូវទោរទន់ចិត្តក្នុងការការពារ លទ្ធិប្រជាធិបតេយ្យរបស់អ៊ុយក្រែនប្រឆាំងនឹង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ លោក Zelenskyy បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនសូមកុំរង់ចាំដល់ការបោះឆ្នោតប្រធា នាធិបតីអាមេរិកខែវិច្ឆិកានៅមុនការ ត្រូវចាត់វិធានការធ្វើសកម្មភាពខ្លាំងក្លា ប្រឆាំងនឹងមេដឹក នាំរុស្ស៊ីលោកពូទីននោះ។

សង្គ្រាមក្នុងទឹកដីអ៊ុយក្រែនបានឈានចូល៨៦៧ថ្ងៃហើយគិតត្រឹមថ្ងៃពុធទី១០កក្កដាឆ្នាំ ២០២៤។ ភាពជាក់ស្តែងប្រយុទ្ធនៅលើ សមរភូមិបានប្រែប្រួលតាមកាលៈទេសៈ។ ខ្សែបន្ទាត់ ក្រហមពីមុនដែលត្រូវបានគូសដោយមេដឹកនាំលោកខាងលិច សម្រាប់អ៊ុយក្រែន ត្រូវបានដើរ លើសចេញពីគំនូសនោះទៅហើយ។

មុននោះដែរ ប្រទេសលោកខាងលិច បាននិយាយថា នឹងមិនផ្តល់រថក្រោះឱ្យអ៊ុយក្រែនទេ ប៉ុន្តែក្រោយមកបានផ្តល់រថក្រោះទំនើបៗ ឱ្យរដ្ឋាភិបាល ក្រុងគៀវ …ប្រទេសលោកខាងលិចបាននិយាយមុននេះថា មិនផ្តល់អាវុធបាញ់រយៈចម្ងាយ ឆ្ងាយទេ ប៉ុន្តែក្រោយមកបានផ្តល់នូវអាវុធទាំងនោះវិញ…និងការធ្លាប់និយាយថាមិនយន្តហោះ ចម្បាំង F-16 ប៉ុន្តែក្រោយមកក៏សម្រេចថា នឹងផ្តល់យន្តហោះចម្បាំងឱ្យដែរ។

ទោះជាមាន ភាពវិវត្តន៍យ៉ាងណាក្តី សង្គ្រាមក្នុងទឹកដីអ៊ុយក្រែនត្រូវគេនិយាយថាសង្គ្រាមដែលគ្រាន់តែយក ឈ្មោះអ៊ុយក្រែនមកប្រថាប់ តែប៉ុណ្ណោះ ខណៈស្រមោលដ៏ធំពិតប្រាកដនោះ ត្រូវគេមើល ឃើញថាគឺជាស្រមោលរបស់អង្គការណាតូដ៏ធំ ដែលស្ថិតនៅពី ខាងក្រោយខ្នងរបស់អ៊ុយ ក្រែន ។ លោកហ្សេឡិនស្គី បានថ្លែងបញ្ជាក់ក្នុងសម្តីរបស់ខ្លួនយ៉ាងនេះថា វា«ដល់ពេលត្រូវដើរដើរចេញ ពីម្លប់ស្រមោលនោះហើយ… ត្រូវធ្វើការសម្រេចចិត្តឲ្យបានរឹងមាំ... ត្រូវធ្វើសកម្មភាពនិងមិនរង់ចាំមើលដល់ខែវិច្ឆិកា ឬខែដទៃណាមួយទៀតឡើយ»

លោក Zelenskyy និងលោកBiden ត្រូវគេរាយការណ៍ថា គ្រោងនឹងជួបពិភាក្សាគ្នា នៅថ្ងៃព្រ ហស្បតិ៍ទី១១កក្កដា។ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលត្រូវបានក្លាយទៅជាបេក្ខភាពប្រធានា ធិបតីជាផ្លូវការពីគណបក្សសាធារណរដ្ឋ នៅថ្ងៃទី១៥ខែកក្កដាក្នុងមហាសន្និបាតជាតិរបស់ គណបក្សសាធារណរដ្ឋ បានថ្លែងរិះគន់មុននេះលើ ការចំណាយរបស់ប្រទេស ជាសមាជិក របស់អង្គការណាតូ។ សម្តីរបស់លោកដូណាល់ត្រាំបានធ្វើឱ្យមានកង្វល់កើតឡើងនៅសហ ភាពអឺរ៉ុបដែលចង់ដឹងថា តើសហរដ្ឋអាមេរិកនឹងបន្តការគាំទ្ររបស់ខ្លួនទៀតដែរឬទេ ប្រសិន ណាបើលោកដូណាល់ត្រាំនឹងក្លាយជាប្រធា នាធិបតីថ្មីរបស់អាមេរិក សាជាថ្មីក្នុងការបោះ ឆ្នោតខែវិច្ឆិកាខាងមុខនេះ។

លោក Zelenskyy បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកមិនត្រូវទោរទន់ចិត្ត ក្នុងការ ប្តេជ្ញាចិត្តការពារលទ្ធិប្រជាធិបតេយ្យ, មិនត្រូវធ្វើសម្បទានចុះចាញ់ចំពោះលោក ពូទីននិង មនុស្ស មួយក្រុមតូចរបស់មេដឹកនាំរុស្ស៊ីនោះឡើយ។ ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងនូវទង្វើថ្មីៗរបស់រុស្ស៊ីដើម្បីបង្ហាញប្រទេសនៃសមាជិក អង្គការណាតូបានឃើញដូចជាការវាយប្រហារ តាមអាកាសរបស់រុស្សី កាលពីថ្ងៃទី៨កក្កដា ដាក់មកលើទីក្រុងនានារបស់អ៊ុយក្រែននិងមកលើមន្ទីរពេទ្យកុមារក្នុងរដ្ឋធានីគៀវដែលមាន តួលេខមនុស្សស្លាប់ កើនដល់៤៣នាក់ហើយ។ ប្រធានាធិបតីអាមេរិកលោកចូបៃដិន ក្នុងសុន្ទរកថាបើកនាសម័យប្រជុំកំពូលអង្គការណាតូថ្ងៃ ទី៩កក្កដា បានសន្យាថានឹងផ្តល់ប្រព័ន្ធអាវុធការពារដែនអាកាសច្រើនសិបគ្រឿងថែមទៀត ដល់អ៊ុយក្រែន។

**** ហ្សេឡិនស្គីអរគុណអង្គការណាតូដែលសន្យាផ្តល់ប្រព័ន្ធអាវុធការពារអាកាស

ប្រធានាធិបតីអ៊ុយក្រែននៅមុនថ្ងៃបើកកិច្ចប្រជុំកំពូលអង្គការណាតូបានថ្លែងថាប្រទេសរបស់ លោកបានខ្វះខាតប្រព័ន្ធអាវុធការពារ ដែនអាកាសនិងលោកបានស្នើជួយផ្តល់បន្ថែមទៀតនូវប្រព័ន្ធអាវុធ Patriot។ លោកបានលើកឡើងនូវករណីវាយប្រហារ តាមផ្លូវអាកាសចុងក្រោយ របស់រុស្ស៊ីនូវអាវុធមីស៊ីលកន្លងមកនេះ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើនសិបនាក់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ។

ប្រធានាធិបតីអាមេរិកលោកចូបៃដិននៅមួយថ្ងៃមុនការបើកកិច្ចប្រជុំកំពូលអង្គការណាតូនោះ ដែរបានថ្លែងថាសហរដ្ឋអាមេរិក និងអង្គការណាតូនឹងបញ្ជួនប្រព័ន្ធអាវុធការពារដែនអាកាស ទៅឱ្យអ៊ុយក្រែននាប៉ុន្មានខែខាងមុខនេះ។ ប្រព័ន្ធអាវុធការពារដែនអាកាសនោះ ត្រូវគេនិយាយថានឹងរួមមានប្រព័ន្ធអាវុធ Patriot បួន គ្រឿងដែលអ៊ុយក្រែនបានស្នើសុំ ខណៈសហរដ្ឋអាមេរិក, អាល្លឺម៉ង់, រ៉ូម៉ានី នឹងបញ្ជួន Patriot Batteries ជាបន្ថែម។ ប្រទេសហូឡង់បានសន្យាផ្តល់ឧបករណ៍ផ្សំសម្រាប់បង្កើត Patriot Battery ថ្មីមួយទៀត និងប្រទេសសម្ព័ន្ធដទៃទៀតបានសន្យាផ្តល់ប្រព័ន្ធអាវុធការពារអាកាស ផ្សេងៗរបស់ពួកគេឱ្យទៅអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណចំពោះអង្គការ ណាតូលើ «សេចក្តីប្រកាសដ៏មុតមាំ» របស់ខ្លួន ចំពោះការផ្តល់ប្រព័ន្ធអាវុធការពារដែនអាកាស ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអង្គការណាតូ នៅទីក្រុងវ៉ាស៊ីនតោន។ លោក Zelenskyy តាមរយៈសេចក្តីថ្លែងការណ៍មួយតាមប្រព័ន្ធបណ្តាញសង្គមបានថ្លែងថា "ខ្ញុំសូមសម្តែងការដឹងគុណ ចំពោះដៃគូរបស់យើង ដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ អ៊ីតាលី និងរូម៉ានី - ចំពោះ ការអនុម័តសេចក្តីប្រកាសដ៏មុតមាំមួយក្នុងការគាំទ្រផ្តល់ប្រព័ន្ធ ការពារដែនអាកាសមកឱ្យ អ៊ុយក្រែនដើម្បីការពារប្រជាជន, ការពារទីក្រុង និងការពារហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ" ។

លោកហ្សេឡិនស្គីបានសរសេរបន្តថា ការផ្តល់ប្រព័ន្ធការពារអាកាសPatriotsជាបន្ថែម, ប្រព័ន្ធ SAMP/T, និងប្រព័ន្ធ IRIS-T SLM ក៏ដូចជាប្រព័ន្ធការពារដែនអាកាសយុទ្ធសាស្ត្រផ្សេងទៀត ដោយប្រទេសជាដៃគូសម្រាប់អ៊ុយក្រែន នឹងជួយឱ្យអ៊ុយក្រែន សម្រាប់ប្រើប្រាស់បំផ្លាញដ្រូន និងមីស៊ីលរបស់រុស្ស៊ី និងដើម្បីការការពារប្រជាជនអ៊ុយក្រែនឱ្យកាន់តែប្រសើរថែមទៀត និងជួយដល់ជីវិតប្រជាជនចៀសផុតពីអំពើភេរវកម្មតាមអាកាស ដូចអ្វីដែលរុស្ស៊ីបានវាយ ប្រហារដាក់មកលើមន្ទីរពេទ្យកុមារ របស់អ៊ុយក្រែនកាលពីថ្ងៃទី៨កក្កដាកន្លងមកនេះ។

លោកហ្សេឡិនស្គីបានសរសេរទៀតថា «យើងអាចនិងយើងត្រូវតែរារាំងរុស្ស៊ីនូវអំពើភេរវកម្ម ដាក់មកលើប្រទេសអ៊ុយក្រែន។ កាលណាយើងបញ្ចប់អំពើភេរវកម្មរុស្ស៊ីកាន់តែបានឆាប់ នោះសន្តិសុខរបស់ប្រជាជាតិ ដែលស្រឡាញ់សន្តិភាពទាំងអស់ ក៏នឹងត្រូវបានពង្រឹងកាន់តែឆាប់ដែរ»

ប្រធានអង្គការណាតូលោក Jens Stoltenberg បានជំរុញឱ្យមេដឹកនាំនៃប្រទេសជាសម្ព័ន្ធមិត្ត អង្គការណាតូត្រូវរក្សាជាប់ជានិច្ច នូវការគាំទ្រដល់អ៊ុយក្រែន។ លោកបានថ្លែងថា លទ្ធផលនៃ សង្គ្រាមនឹងកំណត់សន្តិសុខពិភពលោកសម្រាប់រាប់ទសវត្សរ៍ទៅមុខ។ លោក Stoltenberg បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូល NATO ទៀតថាក្នុងនាមជាប្រទេសជិត ខាងនឹង «មិនមានជម្រើសណាដែលមិនបង់ តម្លៃដោយសារតែអំពើឈ្លានពានរបស់រុស្ស៊ីនោះ ឡើយ»។ លោកបន្តទៀតថាហើយ «វាក៏មិនមានជម្រើស ហានិភ័យនៅក្នុងសង្គ្រាមនោះដែរ»

លោកបានបន្ថែមថា «ការចំណាយដ៏ធំបំផុត និងហានិភ័យខ្លាំងបំផុត នឹងកើតឡើងប្រសិនបើរុស្ស៊ីឈ្នះនៅសង្គ្រាមអ៊ុយក្រែន»។ លោកបានប្តេជ្ញាថាគេ «មិនអាចមានហេតុការណ៍នោះកើត ឡើងបានឡើយ»។ លោក Stoltenberg បាននិយាយថា អង្គការណាតូមិនអាចមានឱកាសទៀតទេដូច្នេះសមាជិក អង្គការណាតូទាំងអស់ត្រូវតែបង្ហាញភាពក្លាហាន នៅក្នុងការប្រឈមមុខចំពោះឧបសគ្គនា ពេលអនាគត។ មេដឹកនាំអង្គការណាតូដដែល បាននិយាយបញ្ជាក់បន្ថែមថា ការទទួលជ័យជម្នះរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងក្លាយជាការលើកទឹកចិត្តនិងសេចក្តីក្លាហានឲ្យប្រទេសអ៊ីរ៉ង់, កូរ៉េខាងជើង និងប្រទេសចិន។ រដ្ឋាភិបាលក្រុងម៉ូស្គូ បាននិយាយថាគេនឹងធ្វើការតាមដានកិច្ចប្រជុំកំពូលណាតូនេះយ៉ាងដិតដល់៕