(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដានេះបានរាយការណ៍ថាយន្ដហោះយោធាចិន ៦៦គ្រឿង បានធ្វើសកម្មភាពហោះហើរនៅជុំវិញ កោះតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពោលជាកំណត់ត្រាខ្ពស់បំផុតមួយក្នុងឆ្នាំ២០២៤នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការរាយការណ៍ពីវត្តមានយន្ដហោះយោធាចិន កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងតៃប៉ិ ប្រទះឃើញយន្ដហោះយោធាចិននៅជុំវិញដែនកោះរបស់ខ្លួន ដោយហោះតម្រង់ឆ្ពោះទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីចូលរួមក្នុងសមយុទ្ធយោធាជាមួយនាវាផ្ទុកយន្ដហោះចម្បាំងចិន Shandong។ ក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួន ក្រសួងការពារជាតិតៃវ៉ាន់បានគូសបញ្ជាក់បន្ថែមដូច្នេះថា «យន្ដហោះយោធាចិន៦៦គ្រឿង និងនាវាចម្បាំង៦គ្រឿង បានធ្វើប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃព្រហស្បតិ៍នេះ»។ ក្រសួងឱ្យដឹងដែរថាក្នុងចំណោមយន្ដហោះទាំងនោះ មាន៥៦គ្រឿង បានហោះឆ្លងកាត់ ខែ្សបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់ ហើយយោធាតៃវ៉ាន់កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ក៏ដូចជានឹងធ្វើការឆ្លើយតបក្នុងករណីចាំបាច់។

គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ តៃវ៉ាន់បានរាយការណ៍ពីយន្ដហោះយោធាចិន ៦២គ្រឿង និងនាវាចម្បាំង២៧គ្រឿង ធ្វើដំណើរនៅជុំវិញកោះតៃវ៉ាន់ អំឡុង ទីក្រុងប៉េកាំងបើកធ្វើសមយុទ្ធយោធាឡោមព័ទ្ធដែនកោះមួយនេះ ដើម្បីសម្ដែងការប្រឆាំងទៅនឹងការឡើងស្បថកាន់តំណែងជាមេដឹកនាំតៃវ៉ាន់ថ្មីរបស់លោក Lai Ching-te ដែលចិនចាត់ទុកថាជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់៕