(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសហុងគ្រី លោក Peter Szijjarto បានលើកឡើងថា ហុងគ្រីមិនចង់ឱ្យអង្គការ NATO ក្លាយជាប្លុកប្រឆាំងចិនឡើយ ហើយនឹងមិនគាំទ្រដាច់ខាតឱ្យ NATO ក្លាយជាបែបនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤។

ថ្លែងនៅក្រៅកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវ៉ាស៉ីនតោន ក្រោយត្រូវបានសាកសួរអំពី ការកសាងកិច្ចប្រឹងប្រែងរបស់ បក្សសម្ព័ន្ធយោធា​លោកខាងលិចមួយនេះ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ជាទីដែលប្រទេសចិន បាននិងកំពុងកើនឡើងឥទ្ធិពលខ្លាំង លោករដ្ឋមន្រ្តីការបរទេសហុងគ្រី បាននិយាយយ៉ាងដូច្នេះថា «NATO គឺជាសម្ព័ន្ធភាពការពារជាតិមួយ... យើងមិនអាចប្រែក្លាយវា ឱ្យទៅជាប្លុកប្រឆាំងចិនឡើយ»

សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំ NATO នៅអាមេរិក បានចាត់ទុកចិនជាតួអង្គដ៏សំខាន់បំផុតមួយ នៅពីក្រោយកិច្ចប្រឹងប្រែងធ្វើសង្រ្គាម​របស់រុស្ស៉ីនៅអ៊ុយក្រែន ហើយថែមទាំងបានចោទប្រកាន់ថា ទីក្រុងប៉េកាំងបន្តបង្កបញ្ហាប្រឈមជាប្រព័ន្ធ សម្រាប់តំបន់អឺរ៉ុប និងសន្តិសុខអន្តរជាតិ។ ចិន​បានចេញមុខភ្លាមៗថ្កោលទោស សេចក្តីថ្លែងការណ៍រួមនោះ ដោយនិយាយថា វាមានភាពលម្អៀង មានចេតនាអាក្រក់ និងមានគោលដៅ​បង្កើតជម្លោះ។

ចិនគឺជាដៃគូវិនិយោគនិងពាណិជ្ជកម្មដ៏សំខាន់មួយ របស់ហុងគ្រី ខណៈដែលប្រទេសដទៃទៀត នៅក្នុងសហភាពអឺរ៉ុប បាននិងកំពុងតែ​ព្យាយាមកាត់បន្ថយ ការពឹងផ្អែកផ្នែកសេដ្ឋកិច្ច លើទីក្រុងប៉េកាំង។ កាលពីដើមសប្តាហ៍នេះ នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ដើម្បីជជែកអំពីការជួយស្វែងរកសន្តិភាពនៅអ៊ុយក្រែន ក្រោយទស្សនកិច្ចនៅឯទីក្រុងកៀវ និងនៅមូស្គូ។

គួរបញ្ជាក់ថា កិច្ចពិភាក្សារបស់លោក Orban ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបង្កឱ្យមេដឹកនាំ EU មួយចំនួនមិនពេញចិត្ត ស្របពេលដែលប្លុកនេះ ព្យាយាមចៀសវាងការទាក់ទងកម្រិតខ្ពស់ជាមួយទីក្រុងមូស្គូ ដោយសារតែវិបត្តិសង្រ្គាមអ៊ុយក្រែន។ ក្នុងកិច្ចប្រជុំ NATO នៅវ៉ាស៉ីនតោន ក្រុមមេដឹកនាំលោកខាងលិច បានសន្យាបន្តការគាំទ្រដល់អ៊ុយក្រែន ហើយសេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ជាថ្មី នូវការគាំទ្រដល់អ៊ុយក្រែន ក្នុងផ្លូវឆ្ពោះទៅទទួលបានសមាជិកភាព NATO នាពេលអនាគត៕