(សេអ៊ូល)៖ អ៊ុយក្រែន កំពុងត្រូវការគ្រាប់កំាំភ្លើងធំ រីឯកូរ៉េខាងត្បូងមាននៅក្នុងស្ដុករាប់លានគ្រាប់ដែលធ្វើឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ព្យាយាមបញ្ចុះបញ្ចូលឱ្យប្រធានាធិបតី លោក យូន ស៊ុកយុល កែប្រែគោលនយោបាយមួយដែលរារាំងមិនឱ្យប្រទេសរបស់លោក បញ្ជូនអាវុធទៅកាន់ប្រទេសកំពុងមានសង្រ្គាម។ លោក យូន នៅក្នុងសប្ដាហ៍នេះបានចូលរួមកិច្ចប្រជុំកំពូល NATO ក្នុង ទីក្រុងវ៉ាស៊ីនតោន ជាលើកទី៣ចាប់តាំងពីឆ្នាំ២០២២។ ប៉ុន្តែ​វត្តមានរបស់លោកនៅលើកនេះ គឺខុសប្លែកពីលើកមុនៗ។ នៅប៉ុន្មានសប្ដាហ៍ មុននឹងកិច្ចប្រជុំកំពូល NATO ចាប់ផ្ដើម រដ្ឋាភិបាលរបស់ លោក យូន បាននិយាយថាសន្ធិសញ្ញាយោធាថ្មីមួយរវាងកូរ៉េខាងជើង និងរុស្ស៉ី កាលពីខែមិថុនាកន្លងទៅ បាន និងកំពុងជំរុញឱ្យសេអ៊ូលពិចារណាឡើងវិញថាតើវាដល់ពេលដែលត្រូវចាប់ផ្ដើមបញ្ជូន អាវុធទៅឱ្យកងទ័ពរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែរឬក៏យ៉ាងណា?

លោក ហ្សេលេនស្គី បានទទូចស្នើសុំអាវុធម្ដងហើយម្ដងទៀតពីកូរ៉េខាងត្បូង ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ២០២២មក ហើយសូម្បីតែលោក ចូ បៃដិន ក៏ធ្លាប់ត្រូវបានគេរាយការណ៍ដែរថាបាន ជំរុញឱ្យលោក យូន បញ្ជូនអាវុធឱ្យអ៊ុយក្រែន។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយកាសែត New York Times កាលពីឆ្នាំ២០២៣ ជាមួយការអះអាងថាទីក្រុងវ៉ាស៊ីនតោនបានព្យាយាមបញ្ចុះបញ្ចូល លោក យូន ឱ្យផ្ដល់គ្រាប់កំភ្លើងធំសម្រាប់កងកម្លាំងអ៊ុយក្រែន។ New York Times ដោយផ្អែកលើឯកសារសម្ងាត់មួយដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថាក្រុមមនុស្សជំនិតរបស់លោក យូន មានការព្រួយបារម្ភជាខ្លាំងពីសម្ពាធរបស់លោកប្រធានាធិបតី ចូ បៃដិន នៅពេលនោះ។ តែខាងរដ្ឋាភិបាលកូរ៉េខាងត្បូងបានច្រានចោលសេចក្ដីរាយការណ៍បែបនេះ។

កាលពីខែមេសាកន្លងទៅ សភាអាមេរិក បានអនុម័តកញ្ចប់ថវិកាយោធាជាង ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន តែការអនុម័តនេះត្រូវរង់ចាំអស់ជាច្រើនខែ ហើយសហរដ្ឋអាមេរិក និងអឺរ៉ុបជាដៃគូ នៅតែចាំបាច់ត្រូវបង្កើនសមត្ថភាពរបស់ពួកគេដើម្បីផលិតគ្រាប់កំាភ្លើងធំ ចំពោះមុខការព្រួយបារម្ភពីការថយចុះអាវុធនៅក្នុងឃ្លាំងរបស់ពួកគេរៀងៗខ្លួន។ ជាក់ស្ដែង សហភាពអឺរ៉ុបមិនអាចបំពេញតាម ពាក្យសន្យាផ្ដល់គ្រាប់កាំភ្លើងធំ ១លានគ្រាប់ដល់ទីក្រុងកៀវ ត្រឹមចុងខែមីនាឆ្នាំនេះបាននោះឡើយ។ ម្លោះហើយកញ្ចប់ជំនួយអាវុធណាមួយពីកូរ៉េខាងត្បូងគឺអាចបំពេញការខ្វះខាតនេះ។ តាមការប៉ាន់ស្មាន អ៊ុយក្រែន ត្រូវការប្រើប្រាស់គ្រាប់កំាភ្លើងធំយ៉ាងហោច ២០០ ០០០គ្រាប់ក្នុងមួយខែ ហើយទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថាកូរ៉េខាងត្បូងមានគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រត្រូវនឹង គ្រាប់កាំភ្លើងធំស្ដង់ដាររបស់ NATO​ ដែលកំពុងត្រូវបានប្រើដោយអ៊ុយក្រែន។ បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងនេះដដែល មន្ត្រីជាន់ខ្ពស់ NATO​ ម្នាក់បាននិយាយថាជំនួយណាក៏ដោយ ពីកូរ៉េខាងត្បូងដែលអាចជួយអ៊ុយក្រែ​នការពារខ្លួនឯង គឺជារឿងគួរឱ្យស្វាគមន៍។ តាំងពីតែដើមមក កូរ៉េខាងត្បូងបានបដិសេធជារឿយៗថាខ្លួននឹងមិនបញ្ជូនឱ្យអ៊ុយក្រែននូវជំនួយជាអាវុធអាចសម្លាប់ មនុស្សបាននោះទេ។

ក៏ប៉ុន្តែ ក្រុមអ្នកវិភាគខ្លះយល់ឃើញថាបច្ចុប្បន្ន កូរ៉េខាងត្បូង ប្រហែលជាមិនសូវមានការព្រួយបារម្ភខ្លាំងទេ ក្រោយបានឃើញកូរ៉េខាងជើងបញ្ជូនអាវុធឱ្យរុស្ស៉ី ដែលរដ្ឋាភិបាលលោក យូនផ្ទាល់ បានវាយតម្លៃថាអាចជាកាំភ្លើងធំជិត ៥លានគ្រាប់ បើទោះជាព្យុងយ៉ាង និងមូស្គូច្រានចោលរឿងនេះក៏ដោយ។ ការផ្ទេរអាវុធនេះដែរបានន័យថាហាក់ដូចជាកងទ័ពអ៊ុយក្រែនម្នាក់ ត្រូវតតាំងជាមួយ កងទ័ពរុស្ស៉ី១០នាក់ ដោយសារតែការយឺតយ៉ាវក្នុងការអនុម័តកញ្ចប់ជំនួយយោធាថ្មីរបស់សភាអាមេរិក។ មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (Centre for Strategic and International Studies) បានឱ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីខែមីនាថាកូរ៉េខាងត្បូងអាចនឹងពិចារណាបញ្ជូនគ្រាប់កាំភ្លើងធំ ១០៥មីលីម៉ែត្រឱ្យអ៊ុយក្រែន ហើយបើទោះជាចម្ងាយបាញ់របស់វា ខ្លីជាងគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រក៏ពិតមែន តែគ្រាប់កាំភ្លើងធំ១០៥មីលីម៉ែត្រអាចបាញ់ចេញពីកាំភ្លើងធំ howitzers។ របាយការណ៍នេះដដែលថែមទាំង បានបញ្ជាក់ទៀតផងថាកូរ៉េខាងត្បូង មានសមត្ថភាពផ្ដល់គ្រាប់កាំភ្លើងធំដល់ទៅ ៣.៤លានគ្រាប់សម្រាប់អ៊ុយក្រែន។

គួរបញ្ជាក់ថា លោក យូន ស៊ុកយុក ធ្លាប់បាននិយាយថាការសម្រេចចិត្តណាមួយលើការបញ្ជូនអាវុធឱ្យអ៊ុយក្រែន គឺវាអាស្រ័យលើសកម្មភាពរបស់លោក ពូទីន។ តំណាងរាស្ត្រកូរ៉េខាងត្បូងម្នាក់ គឺលោក Kim Gunn ជាអតីតបេសកជនពិសេសទទួលបន្ទុកកិច្ចការនុយក្លេអ៊ែរ នៃរដ្ឋបាលរបស់លោក យូន ក៏បានព្រលយដែរថាការគំរាមផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន គឺអាចមានឥទ្ធិពលកំញើញរុស្ស៉ី កុំឱ្យផ្ដល់អាវុធ ឬការគាំទ្រយោធាដល់កូរ៉េខាងជើង។ ក្រុមមន្ត្រីនៅក្នុងប្រទេសកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា «បន្ទាត់ក្រហម» របស់ទីក្រុងសេអ៊ូល អាចជាការផ្ទេរសម្ភារៈ ឬបច្ចេកវិទ្យារបស់រុស្ស៉ី ដែលអាចជួយពង្រឹង សមត្ថភាពយោធារបស់ព្យុងយ៉ាង ក្នុងការផលិតអាវុធប្រល័យលោក។ ការលើកឡើងរបស់ក្រុមមន្ត្រីកូរ៉េខាងត្បូង ធ្វើឡើងក្រោយលោក ពូទីន បានព្រមានថាលោកអាចនឹងបញ្ជូនអាវុធទំនើបៗឱ្យ កូរ៉េខាងជើង ជាការសងសឹងទៅនឹងការផ្ដល់ជំនួយយោធារបស់លោកខាងលិចដល់អ៊ុយក្រែន។ លោកស្រី Rachel Minyoung Lee ជាអ្នកជំនាញម្នាក់មកពីកម្មវិធី 38 North នៃមជ្ឈមណ្ឌល Stimson Center មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បានកត់សម្គាល់ថានៅក្រោមទស្សនយល់ឃើញរបស់សេអ៊ូល កិច្ចសហប្រតិបត្តិការរបស់រុស្ស៉ីជាមួយកូរ៉េខាងជើង គឺជាការគំរាមកំហែងដោយផ្ទាល់ដល់ សន្តិសុខជាតិរបស់ខ្លួន។ លោកស្រីបន្ថែមថាវាមិនមែនត្រឹមតែជាការជួយពង្រីកសមត្ថភាពផលិតអាវុធរបស់កូរ៉េខាងជើងតែប៉ុណ្ណោះទេ តែវាក៏ជាការជួយទីក្រុងព្យុងយ៉ាងក្នុងការគ្រប់គ្រង និងស្ដារសេដ្ឋកិច្ច ឡើងវិញតាមរយៈការពង្រីកឧស្សាហកម្មផលិតអាវុធផងដែរ។

តែយ៉ាងណាក៏ដោយ បើតាមលោកស្រី Lee កូរ៉េខាងត្បូងអាចគេចចេញពីសម្ពាធ តាមរយៈការចូលរួមជាមួយ NATO តាមវិធីសាស្ត្រផ្សេងដូចជាសន្តិសុខ​សាយ​ប័រ ឬ Cybersecurity ជាដើម ហើយ សេអ៊ូល គួរតែដើរជំហានប្រកបដោយការប្រុងប្រយ័ត្ន។ ពីព្រោះថាការបញ្ជូនអាវុធដោយផ្ទាល់ទៅឱ្យអ៊ុយក្រែន គឺជាការបោះជំហានមួយយ៉ាងធំ ហើយដែលការសម្រេចចិត្តបែបនេះគួរត្រូវបានធ្វើឡើង ផ្អែកលើផលប្រយោជន៍ជាតិ ដែលមានជាប់ទាក់ទិននឹងផលប្រយោជន៍រយៈពេលវែងរបស់កូរ៉េខាងត្បូង ពាក់ព័ន្ធជាមួយរុស្ស៉ី៕