(ហ្សេរុយសាឡឹម)៖ កងទ័ពអ៊ីស្រាអែលបាននិយាយថា លោក Rafa Salameh មេបញ្ជាការកងពលតូចតំបន់ Khan Yunis នៃចលនាតស៊ូហាម៉ាស់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

កងទ័ពអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបញ្ជាក់ជាផ្លូវការថា លោក Rafa Salameh មេបញ្ជាការកងពលតូចតំបន់ Khan Younis របស់ក្រុមហាម៉ាស់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីម្សិលមិញ នៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូង។

IDF បន្ថែមទៀតថា លោក Salameh គឺជា «សហការីដ៏ជិតស្និទ្ធបំផុតមួយ» របស់ លោក Muhammad Deif ដែលជាប្រធានស្លាបយោធារបស់ក្រុមភេរវករ ហើយ «គឺជាមេខ្លោងម្នាក់នៃការសម្លាប់រង្គាលថ្ងៃទី០៧ ខែតុលា»។ ហើយការសម្លាប់របស់គាត់គឺជា «ការវាយប្រហារយ៉ាងសំខាន់ចំពោះសមត្ថភាពយោធារបស់ក្រុមហាម៉ាស»

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស ក្នុងតំបន់ហ្កាហ្សា ដើម្បីកំណត់គោលដៅលើមេបញ្ជាការយោធារបស់ក្រុមហាម៉ាស លោក Mohammed Deif។ បើយោងតាមក្រសួងសុខាភិបាលតំបន់ បានឱ្យដឹងថា ការវាយប្រហារនេះ បានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីន ៧១នាក់ស្លាប់៕