(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ ឬហៅកាត់ថា FBI បានកំណត់អត្តសញ្ញាណថាយុវជនវ័យក្មេងម្នាក់មានឈ្មោះ Thomas Matthew Crooks អាយុ២០ឆ្នាំ គឺជាជនសង្ស័យនៅក្នុងការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯយុទ្ធនាការឃោសនាបោះឆ្នោតមួយនៅក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅនេះ។ ប៉ុន្តែ FBI នៅមិនបន្ទាន់អាចបញ្ជាក់ថាតើហេតុអ្វីបានជាយុវជនរូបនេះប៉ងសម្លាប់លោក ត្រាំ នោះទេ។

ជនសង្ស័យដែលមានទីលំនៅរស់នៅក្នុងភូមិ Bethel Park នៃរដ្ឋ Pennsylvania ត្រូវបានបាញ់សម្លាប់ដោយកងការពារ Secret Service នៅកន្លែង តែប៉ុន្មានវិនាទីប៉ុណ្ណោះ បន្ទាប់ពីរូបគេបាញ់សំដៅទៅលើលោក ដូណាល់ ត្រាំ ដែលកំពុងថ្លែងសុន្ទរកថានៅលើឆាក។ លោក ត្រាំ បាននិយាយនៅលើបណ្ដាញទំនាក់ទំនងសង្គមថារូបលោកត្រូវបានគេ បាញ់ដោយគ្រាប់កំាភ្លើងហោះទម្លុះសន្លឹកត្រចៀកខាងស្ដាំរបស់លោក និងក៏បានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ទស្សនិកជនម្នាក់ដែលត្រូវបានបាញ់សម្លាប់ដោយជនសង្ស័យ។

* តើ Thomas Matthew Crooks ជានរណា?

យុវជន Crooks មានទីលំនៅរស់នៅក្នុងភូមិ Bethel Park ដែលស្ថិតនៅចម្ងាយប្រហែលជាត្រូវជិះរយៈពេលមួយម៉ោង ពីកន្លែងកើតហេតុក្នុងទីក្រុង Butler។ Crooks បានបញ្ចប់ ការសិក្សាក្នុងឆ្នាំ២០២២ ពីវិទ្យាល័យ Bethel Park High School។ រូបគេគឺជាសិស្សពូកែផ្នែកគណិតវិទ្យាម្នាក់ ដោយធ្លាប់ទទួលបានពានរង្វាន់ star award មានប្រាក់ ៥០០ដុល្លារ ពីស្ថាប័នជាតិគណិតវិទ្យា និងវិទ្យាសាស្ត្រ National Math and Science Initiative។

នៅក្នុងវីដេអូបញ្ចប់ការសិក្សាមួយកាលពីឆ្នាំ២០២២ចេញផ្សាយដោយកាសែត New York Times បានបង្ហាញថាយុវជន Crooks បានឡើងទទួលសញ្ញាប័ត្រ រីឯខាងសាលា ក៏បានទទួលស្គាល់ដែរថាយុវជនរូបនេះពិតជាបានសិក្សា រហូតដល់បញ្ចប់ការសិក្សាពីវិទ្យាល័យ Bethel Park ប្រាកដមែន។ យុវជន Crooks ក៏ធ្លាប់បានបម្រើការងារនៅឯមណ្ឌល មើលថែមនុស្សចាស់មួយផងដែរ ក្នុងនាមជាអ្នករៀបចំរបបអាហារប្រចាំថ្ងៃ។ លោកស្រី Marcie Grimm ដែលជាអ្នកគ្រប់គ្រងមណ្ឌលនោះបាននិយាយថាលោកស្រីពិតជារន្ធត់ ជាខ្លាំងក្រោយទទួលព័ត៌មានថាយុវជនរូបនេះមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងសម្លាប់លោក ត្រាំ។ លោកស្រីបន្ថែមថា Crooks បានឆ្លងកាត់ការត្រួតពិនិត្យប្រវត្តិរូបត្រឹមត្រូវ ដោយរូបគេមិនធ្លាប់បានប្រព្រឹត្តបទល្មើសណាមួយកន្លងមកនោះទេ នៅពេលត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារ។

គួរបញ្ជាក់ថា FBI កំពុងបើកការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៅពីក្រោយការប៉ុនប៉ងធ្វើឃាតលោក ត្រាំ របស់យុវជន Crooks ដែលការប៉ងធ្វើឃាតនេះកើតឡើងតែប៉ុន្មាន ខែប៉ុណ្ណោះ មុននឹងសហរដ្ឋអាមេរិកត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ ឪពុករបស់ Crooks គឺលោក Matthew Crooks មានអាយុ៥៣ឆ្នាំ បានប្រាប់ CNN ថាលោកក៏ចង់ដឹងដែរថាតើហេតុអ្វីបានជាកូនរបស់លោកចង់ធ្វើឃាតលោក ត្រាំ ហើយថានឹងរង់ចាំនិយាយជាមួយក្រុមអ្នកស៊ើបអង្កេតសិន មុននឹងរូបលោក និយាយពីកូនប្រុស៕