(BUTLER សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា បានអំពាវនាវឱ្យប្រជាជនអាមេរិក រួបរួមគ្នា បន្ទាប់ពីលោក ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋបានគេចផុតពីការប៉ុនប៉ងធ្វើឃាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ដូណាល់ ត្រាំ បាននិយាយនៅលើបណ្ដាញទំនាក់ទំនងសង្គមថារូបលោកត្រូវបានគេបាញ់ដោយគ្រាប់កំាភ្លើងហោះទម្លុះសន្លឹកត្រចៀកខាងស្ដាំរបស់លោក ខណៈកំពុងថ្លែងសារ ទៅកាន់អ្នកគាំទ្រនៅឯយុទ្ធនាការឃោសនាបោះឆ្នោតក្នុងទីក្រុង Butler រដ្ឋ Pennsylvania។ ក្នុងការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចនេះ មានមនុស្សម្នាក់បានស្លាប់ និង២នាក់ទៀត រងរបួស រីឯខ្មាំងកាំភ្លើងមានឈ្មោះថា Thomas Matthew Crooks អាយុ២០ឆ្នាំត្រូវបានបាញ់សម្លាប់នៅន្លែង ដោយកងការពារ Secret Service។

នៅក្នុងសារថ្មីមួយទៀតបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ មានអាយុ៧៨ឆ្នាំ បាននិយាយថាមានតែព្រះប៉ុណ្ណោះដែលបានសង្រ្គោះរូបលោក ហើយភរិយារបស់លោក គឺលោកស្រី Melania បានហៅខ្មាន់កាំភ្លើងថាបិសាច។ លោក ត្រាំ បញ្ជាក់បន្ថែមដូច្នេះថា «ប្រជាជនអាមេរិកមិនត្រូវបណ្ដោយទុកឱ្យសភាវៈអាក្រក់ឈ្នះជាដាច់ខាត ហើយឥលូវគឺជាពេល ដ៏សំខាន់បំផុតដែលយើងត្រូវរួបរួមគ្នា។ ដោយឡែក ថ្លែងចេញពីសេតវិមានឯណោះវិញ លោក បៃដិ​ន ក៏បានលើកឡើងដែរថាសាមគ្គីភាពគឺជាគោលដៅសំខាន់របស់យើងទាំងអស់គ្នា ហើយថាលោកផ្ទាល់មានកិច្ចសន្ទនាខ្លីមួយដ៏ល្អជាមួយលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍។

គួរបញ្ជាក់ថា FBI កំពុងបើកការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៅពីក្រោយការប៉ុនប៉ងធ្វើឃាតលោក ត្រាំ របស់យុវជន Crooks ដែលការប៉ងធ្វើឃាតនេះកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ មុននឹងសហរដ្ឋអាមេរិកត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ ក្រោយឧបទ្ទវហេតុនេះកើតឡើង ការព្រួយបារម្ភក៏បានផ្ទុះឡើងដែរពីការបែកបាក់នៅក្នុង នយោបាយអាមេរិក និងហានិភ័យនៃអំពើហិង្សាអំឡុងការបោះឆ្នោត៕