(វ៉ាស៊ីនតោន)៖ សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច កាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា បាននិយាយថាខ្លួនបានយល់ព្រមទទួលយកបទឈប់បាញ់រយៈពេល៤ថ្ងៃ ជាមួយរបបសឹក នៅក្នុងរដ្ឋ Shan ស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការប៉ះទង្គិចគ្នាដែលកងកម្លាំងសម្ព័ន្ធក្រុមប្រដាប់អាវុធភាគតិចដណ្ដើមបានទឹកដីមួយចំនួនពីយោធា នៅតាមបណ្ដោយផ្លូវ highway យុទ្ធសាស្ត្រមួយភ្ជាប់ទៅកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP អ្នកនាំពាក្យម្នាក់មកពីកងម្លាំង Ta'ang National Liberation Army ហៅកាត់ថា TNLA បានគូសបញ្ជាក់ដូច្នេះថា «យើង...បានបង្ហាញកិច្ចសហប្រតិបត្តិការ ជាមួយចិន ដោយយល់ព្រមទទួលយកបទឈប់បាញ់រយៈពេល៤ថ្ងៃ នៅក្នុងរដ្ឋ Shan ស្ថិតនៅភាគខាងជើងប្រទេស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៨ ខែកក្កដា»។ ប៉ុន្តែ បទឈប់បាញ់នេះមិនបាន គ្របដណ្ដប់លើតំបន់ក្បែរខាង គឺតំបន់ Mandalay នោះទេ។

គួរបញ្ជាក់ថា ចិន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់របបសឹកមីយ៉ាន់ម៉ា ប៉ុន្តែក្រុមអ្នកវិភាគខ្លះបាននិយាយថាទីក្រុងប៉េកាំង ក៏កំពុងរក្សាទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកាន់កាប់ទឹកដីនៅតាមបណ្ដាយព្រំដែនរបស់ខ្លួន៕