(កៀវ)៖ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា កងកម្លាំងរបស់ខ្លួនកំពុងគ្រប់គ្រងភូមិ Urozhaine ដែលស្ថិតនៅក្នុងតំបន់ដូណេត (Donetsk) ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ ២០២៤។

​ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា «ជាលទ្ធផលនៃភាពជោគជ័យ ក្រុមកងកម្លាំងភាគខាងកើត បានកាន់កាប់ភូមិ Urozhaine ក្នុងតំបន់ Donetsk... ហើយកំពុងអនុវត្តប្រតិបត្តិការបោសសម្អាត និងដោះមីន»។ ប្រសិនបើ​វាជាការពិតមែននោះ ការចាប់យកបានភូមិមួយទៀតពីសំណាក់កម្លាំងរុស្ស៉ី នឹង​ក្លាយជា​ជ័យជម្នះថ្មីមួយទៀត​ ចាប់តាំងពី​ការដណ្តើម​យក​ទីក្រុង​យុទ្ធសាស្ត្រ Avdiivka ក្នុង​ខែកុម្ភៈ​​។ ភ្លាមៗមិនទាន់ការបញ្ជាក់ជាផ្លូវការពីអ៊ុយក្រែនទេ ជុំវិញការអះអាងនេះ។ ប៉ុន្តែអ្នកសរសេរប្លុកអ៊ុយក្រែនថា កងកម្លាំងទីក្រុងកៀវ បានសម្រេចចិត្តបោះបង់ភូមិដែលស្ថិតភាគនិរតីនៃទីក្រុងក្នុងតំបន់ Donetsk មួយនេះ ខណៈយោធាអ៊ុយក្រែនថា ការប្រយុទ្ធគ្នាកំពុងតែបន្តនៅទីនោះ។

គួរបញ្ជាក់ថា ភូមិ Urozhaine ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៉ី នៅដើមទីនៃសង្រ្គាមក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែអ៊ុយក្រែន ដណ្តើមយកមកវិញបាននូវកន្លែងឈរជើងក្បែរទន្លេ Mokri Yaly នៅខែកក្កដា ឆ្នាំ ២០២៣៕