(ម៉ូហ្កាឌីស្យូ)៖ គ្រាប់បែកក្នុងរថយន្តមួយគ្រឿងបានផ្ទុះឡើង នៅខាងក្រៅភោជនីយដ្ឋានមួយកន្លែង ក្នុងរដ្ឋធានីម៉ូហ្កាឌីស្យូ (Mogadishu) នៃប្រទេសសូម៉ាលី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និងរបួស ២០នាក់ ខណៈដែលក្រុមអ្នកគាំទ្រ កំពុងមើលការប្រកួតបាល់ទាត់ Euro 2024 វគ្គផ្តាច់ព្រ័ត្រតាមកញ្ចក់ទូរទស្សន៍ ដោយប៉ូលិសស្តីបន្ទោស ទៅលើក្រុមសកម្មប្រយុទ្ធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ ២០២៤។

អ្នករាយការណ៍ព័ត៌មានរបស់ Reuters និយាយថា គ្រាប់បែកបានធ្វើឱ្យរថយន្ត ១០គ្រឿងរងការខូចខាត និងប៉ះពាល់ដល់ អាគារមួយចំនួន នៅម្តុំតំបន់​​ដែលមានការយាមកាមយ៉ាងតឹងរ៉ឹង​ ក្បែរ​វិមាន​ប្រធានាធិបតី។ ក្រុមសកម្មប្រយុទ្ធ Al Shabaab បានចេញមុខទទួលខុសត្រូវ ដោយនិយាយថា ការបំផ្ទុះកំណត់គោលដៅលើទីកន្លែងដែល​សន្តិសុខ​ និង​បុគ្គលិក​រដ្ឋាភិបាល ​ជួប​ជុំ​គ្នា​ពេល​យប់។

គួរបញ្ជាក់ថា Al Shabaab ដែលធ្លាប់គ្រប់គ្រងប្រទេសសូម៉ាលីជាច្រើនឆ្នាំ បានប្រយុទ្ធគ្នាអស់រយៈពេលជាយូរមកហើយ
ដើម្បីដាក់ចេញនូវការបកស្រាយយ៉ាងតឹងរ៉ឹង នៃក្រុមរបស់ខ្លួនអំពីសាសនាឥស្លាម សម្រាប់ប្រទេសសូម៉ាលី។ ក្រុមនេះ បានបើកការវាយឆ្មក់ និងការវាយប្រហារជាញឹកញាប់ នៅក្នុងទីក្រុង Mogadishu និងតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយ រដ្ឋាភិបាលសហព័ន្ធ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ទោះជាបាត់បង់ទឹកដីភាគច្រើនដែលខ្លួនកាន់កាប់ទៅហើយក្តី៕