(កដ្ឋមណ្ឌូ)៖ នៅថ្ងៃចន្ទនេះ លោក Khadga Prasad Sharma Oli បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តី នៃប្រទេសនេប៉ាល់ បន្ទាប់គណបក្សកុម្មុយនិស្តរបស់លោក បានបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស Nepali Congress ដែលមាននិន្នាការឆ្វេងកណ្តាលនិយម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ ២០២៤។

លោក Oli ដែលជាប្រធានគណបក្សធំទីពីរនៅក្នុងសភា គឺ Communist Party of Nepal - Unified Marxist Leninist ហៅកាត់ CPN-UML បានវិលមកកាន់តំណែងនាយករដ្ឋមន្ត្រី ជាលើកទី ៤។ នៅចំពោះមុខ លោក Ram Chandra Poudel ប្រធានាធិបតីនេប៉ាល់ ក្នុងពិធីស្បថចូលកាន់តំណែងនោះ លោក Oli បានសច្ចាថា «ខ្ញុំ KP Sharma Oli តាងនាមឱ្យប្រទេស និងប្រជាជននេប៉ាល់ សូមសន្យាថានឹងស្មោះត្រង់ចំពោះរដ្ឋធម្មនុញ្ញ... និងបំពេញភារកិច្ចជា នាយករដ្ឋមន្ត្រី»

គួរបញ្ជាក់ថា លោក Oli ធ្លាប់ទទួលជ័យជម្នះលើកដំបូងក្នុងការបោះឆ្នោតឆ្នាំ ២០១៥ និងនៅក្នុងការបោះឆ្នោតជាថ្មីឆ្នាំ ២០១៨ ហើយបន្ទាប់មក ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីជាលើកទី៣ បានមួយរយៈពេលខ្លី កាលពីក្នុងឆ្នាំ ២០២១៕