(អឺរ៉ុប)៖ សហភាពអឺរ៉ុប (EU) បានប្រកាសដាក់ទណ្ឌកម្មលើជនជាតិអ៉ីស្រាអែល ៥នាក់ និងអង្គភាពចំនួន ៣ ដោយលើកឡើងថា ពួកគេគឺជាអ្នកទទួលខុសត្រូវចំពោះ «ការរំលោភសិទ្ធិមនុស្សមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ» ប្រឆាំងជនជាតិប៉ាឡេស្ទីន នៅតំបន់ West Bank និង East Jerusalem។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ ២០២៤។

ក្នុងចំណោមអ្នករងទណ្ឌកម្មមានក្រុមមួយឈ្មោះ Tzav 9 ដែល EU និយាយថា តែងតែបានរារាំងរថយន្តជំនួយដឹកមនុស្សធម៌ ដូចជាអាហារ ទឹក និងប្រេងឥន្ធនៈ ទៅកាន់តំបន់ហ្កាហ្សា។ ក្រៅពីនោះ​ក៏​មាន​ លោក Ben-Zion Gopstein ស្ថាបនិក និង​ជា​មេដឹកនាំ​អង្គការ Lehava និង Isaschar Manne ដែល EU ពិ​ពណ៌នា​ថា​ ជា​អ្នក​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យគ្មាន​ការ​អនុញ្ញាត ​នៅ​តំបន់ West Bank។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៉ីស្រាអែល លោក Bezalel Smotrich បានហៅការដាក់ទណ្ឌកម្មនេះថាជា ចំណាត់ការមិនសមរម្យ និងមិនអាចទទួលយកបានក្នុងន័យមិត្តភាព ហើយជាកិច្ចអន្តរាគមន៍ដែលគ្មានលក្ខណៈប្រជាធិបតេយ្យ ដែលប៉ះពាល់ដល់សេរីភាព នៃការបញ្ចេញមតិ និងការតវ៉ាក្នុងចំណោមពលរដ្ឋអ៉ីស្រាអែល។

គួរបញ្ជាក់ថា បុគ្គល និងអង្គភាពទាំងពីរនេះ ក៏រងនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផងដែរ ដោយក្រុម Tzav 9 ត្រូវបានទីក្រុងវ៉ាស៊ីនតោន ចោទថាបានចូលរួមក្នុងសកម្មភាពប្រឆាំងនឹងការរួមបញ្ចូលគ្នា នៃជនជាតិជ្វីហ្វជាមួយ ក្រុមមិនមែនដើមកំណើតជ្វីហ្វ និងបង្កការញុះញង់ប្រឆាំងអារ៉ាប់ក្នុងនាមសាសនា និងសន្តិសុខជាតិ៕