(ហ្គាហ្សា)៖ កងកម្លាំងអ៊ីស្រាអែល បានប៉ះទង្គិចជាមួយពួកសកម្មប្រយុទ្ធនៃចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) នៅតំបន់ជាច្រើននៃតំបន់ហ្គាហ្សាស្ទ្រីបនៅថ្ងៃអង្គារនេះ ហើយមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣០នាក់ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូង និងកណ្តាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានចោទប្រកាន់អ៊ីស្រាអែល ពីការកើនឡើងនៃការវាយប្រហារនៅតំបន់ហ្គាហ្សា ដើម្បីព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលអារ៉ាប់ និងសហរដ្ឋអាមេរិក ដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។

មន្ត្រីសុខាភិបាលហ្គាហ្សាបាននិយាយថា នៅក្នុងទីក្រុង Rafah ដែលជាទីក្រុងព្រំដែនភាគខាងត្បូង ដែលកងកម្លាំងអ៊ីស្រាអែលបានធ្វើប្រតិបត្តិការចាប់តាំងពីខែឧសភា ជនជាតិប៉ាឡេស្ទីន ៥នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសទៅលើផ្ទះមួយខ្នង។ ពួកគេបានបន្ថែមថា បុរសម្នាក់ ប្រពន្ធ និងកូនពីរនាក់របស់គាត់ត្រូវបានសម្លាប់នៅក្បែរទីក្រុង Khan Yunis។

ក្រុមមន្ត្រីបាននិយាយទៀតថា ក្រោយមកការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើរថយន្តមួយ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១៣នាក់ និងរបួស ២៦នាក់ទៀតនៅទីក្រុង Khan Younis ភាគខាងត្បូងហ្គាហ្សានៅថ្ងៃអង្គារនេះ។

ប្រភពដដែលនេះ ក៏បានបញ្ជាក់ផងដែរថា អ៊ីស្រាអែលក៏បានបើកការវាយប្រហារដាច់ដោយឡែក លើតំបន់ផ្សេងៗទៀតផងដែរ ដូចជានៅជំរុំប្រវត្តិសាស្ត្រ Nuseirat នៅកណ្តាលហ្គាហ្សា និងនៅសង្កាត់ Sheikh Zayed ភាគខាងជើង Gaza Strip ដែលសុទ្ធតែបង្កឱ្យមានការស្លាប់បាត់បង់ជីវិតជនស៊ីវិលប៉ាឡែស្ទីន។

ទោះជាយ៉ាងណា យោធាអ៊ីស្រាអែលបានអះអាងថា ប្រតិបត្តិការរបស់ខ្លួននៅទីក្រុង Rafah បានកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធ ផ្លូវរូងក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ហាម៉ាស់។ ហើយការវាយប្រហារតាមអាកាស បានវាយប្រហារគោលដៅប្រហែល ៤០កន្លែង រួមទាំងការស្ទាក់ចាប់ ប៉ុស្តិ៍សង្កេតការណ៍ រចនាសម្ព័ន្ធយោធា និងអគារដែលបំពាក់ដោយគ្រឿងផ្ទុះ។

គួរបញ្ជាក់ថា ជម្លោះនេះបានកើតឡើងបន្ទាប់ពីក្រុមហាម៉ាស់ បានធ្វើការវាយប្រហារដ៏សាហាវមួយទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ អ៊ីស្រាអែលបានប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស់ ប៉ុន្តែសង្រ្គាមរយៈពេលប្រាំបួនខែនេះ បានធ្វើឱ្យជនជាតិប៉ាឡេស្ទីនជាង ៣៨,០០០ នាក់បាត់បង់ជីវិត។

ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយអេហ្ស៊ីប និងកាតា ដើម្បីបញ្ចប់ជម្លោះ និងដោះលែងចំណាប់ខ្មាំងក៏ដោយ ក៏ជម្លោះនៅហ្គាហ្សានៅតែបន្តកើនឡើងដដែល៕