(ប៉េកាំង)​៖ កាសែតរដ្ឋចិន Global Times បានរាយការណ៍ថាចិន និងរុស្ស៉ីបានចាប់ផ្ដើមសមយុទ្ធជើងទឹកបាញ់គ្រាប់ពិត នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ស្របពេលប្រទេសទាំង២ បាន និងកំពុងពង្រឹងទំនាក់ទំនងយោធា និងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ ប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាម Global Times ចិន និងរុស្ស៉ី បានដាក់ពង្រាយនាវាចម្បាំង៣គ្រឿង រៀងៗខ្លួន សម្រាប់ការធ្វើសមយុទ្ធរយៈពេល៣ថ្ងៃ ដែលត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសទាំង២ ដឹកនាំ ប្រតិបត្តិការល្បាតជើងទឹករួមគ្នានៅតំបន់ប៉ាស៊ីហ្វិកខាងជើង។ នៅក្នុងសមយុទ្ធនេះដែរ នាវាចម្បាំងចិន និងរុស្ស៉ីនឹងហ្វឹកហាត់រួមគ្នា ជាមួយការបាញ់គ្រាប់ពិត ការស៊ើបការណ៍ ការជួយសង្រ្គោះ និងតាមស្វែងរក ព្រមទាំងការព្រមានអាសន្នជាមុនផងដែរ។

គួរបញ្ជាក់ថា ចិនបានទាមទារសិទ្ធិគ្រប់គ្រងស្ទើរតែទាំងស្រុងលើតំបន់សមុទ្រចិនខាងត្បូង ក្នុងនោះរួមមានទាំងតំបន់ជម្លោះជាមួយហ្វីលីពីន នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាទីដែលទីក្រុងម៉ានីល បានរក្សាទុកខ្មោចនាវាចម្បាំងមួយគ្រឿងនៅទីនោះ ក្នុងឆ្នាំ១៩៩៩ ដើម្បីបញ្ជាក់ពីអធិបតេយ្យរបស់ខ្លួនលើតំបន់ថ្មប៉ប្រះទឹកនេះ៕