(មូស្គូ)៖ ប្រធានអគ្គសេនាធិការកងទ័ពរុស្ស៉ី លោក Valery Gerasimov កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានថ្លែងអំណរគុណដល់កងកម្លាំងរុស្ស៉ីសម្រាប់ការដណ្តើមយកបានភូមិ Urozhaine ក្នុងតំបន់ Donetsk ដែលស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន កាលពីពេលថ្មីៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ ២០២៤។

ក្រសួងការពារជាតិរុស្ស៉ីអះអាងថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់​ភូមិ​ជាច្រើន នៅក្នុងតំបន់ Donetsk​ គិតចាប់តាំងពីការដណ្តើមបាន​ទីក្រុង​យុទ្ធសាស្ត្រ Avdiivka កាលពី​ខែកុម្ភៈ។ Donetsk គឺជា​ចំណុច​ស្នូល​ឆ្ពោះទៅមុខសន្សឹមៗ កាត់តាមភាគ​ខាង​កើត​អ៊ុយក្រែនលើចម្ងាយផ្លូវ ១,០០០គីឡូម៉ែត្រ​ ហើយកាលពីចុងសប្តាហ៍មុន កងកម្លាំងរុស្ស៉ីបានចូលគ្រប់គ្រងភូមិ Urozhaine នៅក្នុងតំបន់នោះទៀត។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់ការអះអាងនេះដោយឯករាជ្យបានឡើយ ខណៈភាគីអ៊ុយក្រែននៅមិនទាន់មានបញ្ជាក់ជាផ្លូវការទេ មកទល់នឹងពេលនេះ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី «ដោយការបូកសរុបរបាយការណ៍ លោក Gerasimov បានកត់សម្គាល់ពីភាពជោគជ័យរបស់ក្រុមភាគខាងកើត ហើយកំណត់ភារកិច្ចសកម្មភាពថ្មីបន្ថែមទៀត»។

គួរបញ្ជាក់ថា ភូមិ Urozhaine ធ្លាប់ត្រូវយកងកម្លាំងរុស្ស៉ីកាន់កាប់ នៅដើមទីនៃសង្រ្គាម ក្នុងខែកុម្ភៈឆ្នាំ ២០២២ ប៉ុន្តែអ៊ុយក្រែនដណ្តើមបានមកវិញកាលពីឆ្នាំ ២០២៣៕