(បាងកក)៖ នៅថ្ងៃពុធនេះ អាជ្ញាធរថៃបានឈានដល់សេចក្តីសន្និដ្ឋានថា ករណីជនជាតិវៀតណាមចំនួន៦នាក់ ដែលត្រូវបានប្រទះឃើញស្លាប់ ក្នុងបន្ទប់សណ្ឋាគារមួយ នៅទីក្រុងបាងកក គឺជាករណីដាក់ថ្នាំបំពុលនិងធ្វើអត្តឃាត ដោយបុគ្គលម្នាក់ក្នុងចំណោមអ្នកទាំង៦នាក់ គឺជាអ្នកប្រព្រឹត្ត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នាថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃពុធនេះ ប៉ូលិសស៉ើបអង្កេតថៃ បានប្រាប់ថា ស្លាកស្នាមសារធាតុពុលស្យានីត ឬ Cyanide ត្រូវបានរកឃើញ ក្នុងកែវនិងប៉ាន់តែនៅបន្ទប់សណ្ឋាគារ Grand Hyatt Erawan ជាទីដែលជនទាំង៦បានបាត់បង់ជីវិត ហើយ​ការសាកសួរជាមួយ សាច់ញាតិរបស់អ្នកដែលស្លាប់ បានលាតត្រដាងឱ្យដឹងថា តាមពិតទៅ គឺវាមានបញ្ហាជម្លោះ ជុំវិញរឿងបំណុល ដែលពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគមួយ រវាងអ្នកទាំង៦នោះ។

គួរបញ្ជាក់ថា ក្នុងចំណោមជនជាតិវៀតណាមទាំង៦នាក់ មាន២នាក់កាន់លិខិតឆ្លងដែនអាមេរិក។ បើតាមប៉ូលិសថៃ ម្នាក់ជាឃាតក ត្រូវគេជឿថា បានដាក់ថ្នាំបំពុលបុគ្គល៥នាក់ផ្សេង មុនពេលធ្វើអត្តឃាតតាមក្រោយ។ សាកសពអ្នកទាំង៦ ត្រូវបានប្រទះឃើញក្នុងបន្ទប់ កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ ក្រោយពេលពួកគេទៅដល់សណ្ឋាគារ កាលពីរសៀលថ្ងៃចន្ទ៕