(វ៉ាស៉ីនតោន)៖ អគ្គអធិការនៃក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក កំពុងធ្វើការស៉ើបអង្កេតទៅលើ របៀបរៀបចំសន្តិសុខរបស់​កងការពារសម្ងាត់ Secret Service ពាក់ព័ន្ធការរក្សាសុវត្ថិភាព អំឡុងព្រឹត្តិការណ៍ជួបជុំក្រុមអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ នៅរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ជាទីដែលលោកអតីតប្រធានាធិបតីអាមេរិក ត្រូវបានបុរសវ័យក្មេងម្នាក់ បាញ់ប្រហារប៉ុនប៉ងធ្វើឃាត តែមិនបានសម្រេច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤។

របៀបរៀបចំការពារសន្តិសុខ នៅអំឡុងព្រឹត្តិការណ៍ខាងលើ បានស្ថិតក្រោមការរិះគន់ បន្ទាប់ពីលោក ត្រាំ ត្រូវបានគេបាញ់ប្រហារ​ឱ្យរងរបួសស្រាល។ ទីភ្នាក់ងារស៉ើបអង្កេតសហព័ន្ធអាមេរិក FBI កំពុងស៉ើបអង្កេតករណីបាញ់ប្រហារនេះ ក្នុងទម្រង់ជាសកម្មភាពប៉ុនប៉ងធ្វើឃាតលើលោក ដូណាល់ ត្រាំ។ វាបានបង្កឱ្យមានក្តីបារម្ភធ្ងន់ធ្ងរមួយ ថាតើហេតុអ្វីបានជាជនសង្ស័យ អាចប្រើប្រាស់​ដំបូលអគារមួយដែលនៅមិនឆ្ងាយ និងដែលអាចមើលឃើញទៅកន្លែងលោក ត្រាំ ឈរថ្លែងសារ យ៉ាងច្បាស់។ ស្របពេលលោក ត្រាំ បានត្រូវរបួសស្រាលចំស្លឹកត្រចៀក អ្នកចូលរួមកម្មវិធីម្នាក់បានបាត់បង់ជីវិត ហើយ២នាក់ទៀតបានរងរបួស ខណៈខ្មាន់កាំភ្លើង ត្រូវបានកងការពារ Secret Service បាញ់សម្លាប់ភ្លាមៗ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលនឹងត្រូវប្រកួតប្រជែងជាមួយលោក ត្រាំ សាជាថ្មី ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី នា​ខែវិច្ឆិកាខាងមុខ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនថា រូបលោកបានបង្គាប់ឱ្យមានការស៉ើបអង្កេតឯករាជ្យមួយ ជុំវិញ​ករណីនេះ ហើយក្រុមសមាជិកសភាបក្សសាធារណរដ្ឋ ក៏បានប្តេជ្ញាបើកការស៉ើបអង្កេត ឱ្យបានឆាប់រហ័សផងដែរ។ ដោយឡែក ប្រធានទីភ្នាក់ងារកងការពារ Secret Service លោកស្រី Kimberly Cheatle បាននិយាយ កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ករណីបាញ់ប្រហារនេះ គឺជារឿងមិនអាចទទួលយកបានឡើយ ប៉ុន្តែបានអះអាងថា លោកស្រីនឹងមិនលាលែងពីតំណែង​ទេ។ កងការពារ Secret Service មានតួនាទីការពារសុវត្ថិភាពប្រធានាធិបតី ក៏ដូចជាអតីតប្រធានាធិបតីអាមេរិក៕