(បាងកក)៖ នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញនៃប្រទេសថៃ បាននិយាយថា ខ្លួននឹងចេញសេចក្តីសម្រេចនៅថ្ងៃទី៧ ខែសីហា ខាងមុខ ថាតើត្រូវឬមិនត្រូវរំលាយ គណបក្សប្រឆាំងធំជាងគេ ជុំវិញផែនការធ្វើវិសោធនកម្មច្បាប់ដ៏តឹងរ៉ឹងបំផុតមួយ ស្តីពីការការពារប្រឆាំងការប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤។

តុលាការធម្មនុញ្ញថៃ បានឱ្យដឹងថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់ហើយ ដើម្បីធ្វើការសម្រេចចិត្តលើ សំណុំរឿងរំលាយបក្ស Move Forward។ សេចក្តីថ្លែងការណ៍របស់តុលាការធម្មនុញ្ញថៃ បានបញ្ជាក់ដូច្នេះថា «តុលាការនឹងធ្វើការពិចារណាហើយសម្រេចចិត្ត នៅថ្ងៃទី៧ ខែសីហា នាវេលាម៉ោង៩៖៣០នាទីព្រឹក រួចប្រកាសសាលក្រម នាម៉ោង៣៖០០នាទីរសៀល»

គួរបញ្ជាក់ផងដែរថា គណបក្ស Move Forward គឺជាបក្សដែលឈ្នះបានអាសនៈច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកលកាលពី​ឆ្នាំ២០២៣ តែត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាល រួចក៏បានក្លាយជាបក្សប្រឆាំង។ កាលពីខែមីនា ឆ្នាំនេះ គណៈកម្មការរៀបចំការបោះឆ្នោតប្រទេសថៃ ​បានស្នើជាផ្លូវការឱ្យតុលាការធម្មនុញ្ញ រំលាយបក្ស Move Forward ក្រោមហេតុផលថា គោលនយោបាយកំណែទម្រង់របស់គណបក្សនេះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ និងបង្កប់នូវកិច្ចប្រឹងប្រែងដើម្បីប៉ុនប៉ងបំផ្លាញ ស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល នៅក្នុងប្រទេសអាស៊ានមួយនេះ៕