(វ៉ាស៉ីនតោន)៖ ការបើកកិច្ចស៊ើបអង្កេតរកមូលហេតុ ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងបាញ់សម្លាប់លោក ដូណាល់ ត្រាំ បាននិងកំពុងប្រព្រឹត្តទៅ និងជាការរកការបញ្ជាក់ឱ្យច្បាស់ផងដែរ ថាតើវាជាកំហុសរបស់ អង្គភាពណាលើភាពថ្លស់ធ្លោយ នៃការការពារសន្តិសុខនេះ។ តើវាជាកំហុសរបស់ក្រុមសម្ងាត់ អាមេរិកឬជាកំហុសរបស់សមត្ថកិច្ចប៉ូលីសអាមេរិកក្នុងមូលដ្ឋាន?

ក្រុមសេវាសម្ងាត់របស់សហរដ្ឋអាមេរិក The US Secret Service គឺជាក្រុមតែមួយគត់ដែល "ទទួលខុសត្រូវទាំងស្រុង" សម្រាប់ការអនុវត្តនិងដាក់បទបញ្ជារៀបចំសន្តិសុខនៅកន្លែង ប្រមូលផ្តុំយុទ្ធនាការជួបជុំអ្នកគាំទ្រ របស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ទី១៣ កក្កដា។ ប្រធានក្រុមសេវាសម្ងាត់របស់សហរដ្ឋអាមេរិក គឺលោកស្រី Kimberly Cheatle បានប្រាប់កម្ម វិធី CNN's Whitney Wild នៅក្នុងបទសម្ភាសន៍មួយនាល្ងាចថ្ងៃអង្គារទី១៦កក្កដា។

លោកស្រី Cheatle បានថ្លែងថានៅថ្ងៃកើតហេតុនោះ គ្មានមនុស្សណាម្នាក់ក្នុងអង្គភាពត្រូវបាន គេដកឱ្យទៅធ្វើកិច្ចការ នៅកន្លែងផ្សេងឡើយ បើទោះបីជានៅថ្ងៃនោះមានពិធីផ្សេងៗកើត ឡើងនៅក្នុងរដ្ឋ Pennsylvania ដែលតម្រូវរកមនុស្សក្នុង អង្គភាពដើម្បីធ្វើកិច្ចការរក្សាការពារក៏ ដោយ។

លោកស្រីបានរៀបរាប់ថា «នៅក្នុងរង្វង់កន្លែងការពារកិច្ចជួបជុំ របស់លោកដូណាល់ត្រាំនិងអ្នក គាំទ្រនោះ, យើងបានបែងចែកផ្នែក នៃការទទួលខុសត្រូវ ហើយក្រុមសេវាសម្ងាត់ត្រូវទទួល ខុសត្រូវទាំងស្រុងចំពោះគំរោងនិងបទបញ្ជាអនុវត្តនៅ បរិវេណកន្លែងរៀបចំជួបប្រជុំ» របស់លោក ដូណាល់ ត្រាំនោះ។

នៅក្នុងបទសម្ភាសន៍មុនមួយ ជាមួយកម្មវិធី ABC News លោកស្រី Cheatle បាននិយាយថា ក្រុមសមត្ថកិច្ច នៃអាជ្ញាធរមូលដ្ឋាន គឺជាក្រុមដែលទទួលខុស ត្រូវចំពោះអគារនៃខ្មាន់កាំភ្លើង អាយុ២០ឆ្នាំឈ្មោះ Thomas Matthew Crooks ដែលបានលួចឡើងមកលើដំបូលនិងបាញ់ ដាក់មកលើលោកដូណាល់ត្រាំនោះ។ ប៉ុន្តែទីបំផុតលោកស្រី បាននិយាយបញ្ជាក់នូវការទទួល ខុសត្រូវទាំងស្រុងវិញលើកិច្ចការទាំងឡាយពាក់ព័ន្ធនឹង ការរក្សាសន្តិសុខរបស់លោក ដូណាល់ ត្រាំ។

លោកស្រី Cheatle បានថ្លែងបញ្ជាក់ត្រង់ចំណុចនេះថា «អ្វីដែលខ្ញុំចង់បញ្ជាក់នោះគឺថា យើង គ្រាន់តែបែងចែកផ្នែក នៃការទទួលខុសត្រូវ ដោយតម្រូវឱ្យពួកគេដែលជាសមត្ថកិច្ចមូលដ្ឋាន ជួយផ្តល់ការគាំទ្រ ចំពោះក្រុមសម្ងាត់ដែលបានទទួល ខុសត្រូវនៅកន្លែងរបស់គេទាំងឡាយ នោះ»តែប៉ុណ្ណោះ។ លោកស្រី Cheatle បាននិយាយថា ក្រុមសម្ងាត់របស់លោកស្រី មិនអាចធ្វើ កិច្ចការរបស់ខ្លួនដោយគ្មានពួកគេនោះបានឡើយ ។

ប៉ុន្តែទោះជាមានការរៀបចំបែកចែកយ៉ាងណាក៏ដោយ ខ្មាន់កាំភ្លើងអាយុ២០ឆ្នាំរូបនោះ នៅតែអាចលួចវារឡើងមកលើដំបូល និងធ្វើសកម្មភាពបាញ់សម្តៅដាក់មកលើ លោកដូណាល់ត្រាំ បង្កឱ្យរបួសរលាត់ដាច់ស្បែកលើស្លឹកត្រចៀកខាងស្តាំ និងគ្រាប់កាំភ្លើងបានបាញ់ត្រូវចំអ្នកគាំ ទ្រម្នាក់បណ្តាលឱ្យស្លាប់និង២នាក់ទៀតបានរងរបួស។

សាក្សីនិយាយថាគេបានប្រាប់ទៅប៉ូលីស ហើយសាក្សីនោះថែមទាំងបានចង្អុលបង្ហាញនូវ បុរសកាន់កាំភ្លើងវែងម្នាក់នៅលើ ដំបូលនិងបន្តប្រាប់ថែមទៀតប៉ុន្តែមិនមានការធ្វើអន្តរាគមន៍ ចាត់ការបានទាន់ពេលវេលានោះឡើយ។ សេចក្តីរាយការណ៍ បានឱ្យដឹងទៀតថាមានប៉ូលីស ម្នាក់ថែមទាំងបានប្រឈមមុខនឹង ខ្មាន់កាំភ្លើងអាយុ២០ឆ្នាំនោះថែមទៀត។

ក្នុងរូបនេះ មានការចង្អុលពីសាក្សីទៅកាន់ជន សង្ស័យជាខ្មាន់កាំភ្លើងដែលបានវារលើដំបូល អគារនៅមុនហេតុការណ៍កើតឡើង។ រូបភាពតាមវីដេអូបានបង្ហាញ នូវសកម្មភាពរបស់ខ្មាន់ កាំភ្លើងកំពុងធ្វើសកម្មភាពដោយការវារម្តងក្រាបចុះ ម្តងវារសម្តៅទៅមុខស្ថិត នៅលើដំបូល ប៉ុន្តែសកម្មភាពនោះ មិនបានលាក់កំបាំងពីភ្នែកមនុស្សមួយចំនួន ក្នុងពេលនោះឡើយ។ សាក្សីដែលបានឃើញ សកម្មភាពនោះហើយ ប្រញាប់រាយការណ៍ទៅឱ្យប៉ូលីសអាមេរិក។

សេចក្តីរាយការណ៍បានឱ្យដឹងថា ប៉ូលីលពេលនោះក៏បានឃើញនូវសកម្មភាពរបស់ជន សង្ស័យជាខ្មាន់កាំភ្លើងនោះផងដែរ។ ហើយមន្ត្រីប៉ូលីស ថែមទាំងបានធ្វើដំណើរទៅរកជន សង្ស័យនោះភ្លាមៗផងដែរ។ ប៉ូលីសដែលបានធ្វើដំណើរទៅរក ជនសង្ស័យខ្មាន់កាំភ្លើងនោះ គឺជាប៉ូលីសក្រុង Butler នៃរដ្ឋ Pennsylvania ដែលទីបំផុត ប៉ូលីសក្នុងមូលដ្ឋាននោះ ក៏បានប្រ ទះឃើញជនសង្ស័យនោះភ្លាម ដែលកំពុងលាក់ខ្លួនស្ថិតនៅលើដំ បូលអគារជាមួយនឹងអាវុធ AR-15 ។

* តើមានហេតុការណ៍អ្វីកើតឡើងបន្ទាប់ពីប៉ូលីស បានឃើញសកម្មភាពរបស់ខ្មាន់កាំភ្លើងនៅ លើដំបូល?

នៅពេលដែលប៉ូលីសបានឡើងទៅលើដំបូលអគារនោះ, ខ្មាន់កាំភ្លើងអាយុ២០ឆ្នាំរូបនោះ បានភ្ជង់កាំភ្លើងដាក់មកលើរូបលោក។ នាយករដ្ឋបាលក្រុង Butler លោក Tom Knights បានរៀបរាប់ថា នៅថ្ងៃនោះ បើទោះបីជាមាន ការដាក់ពង្រាយកម្លាំង មន្ត្រីរបស់រដ្ឋនិងកម្លាំងមន្ត្រីសហព័ន្ធជាច្រើនក៏ដោយ, រដ្ឋបាល ក្រុង Butler នៅបានចាត់ប៉ូលីសបួនរូបថែមទៀត ដើម្បីជួយធ្វើកិច្ចការនៅក្នុងហេតុការណ៍ជួប ប្រជុំអ្នកគាំទ្រនោះ។

នាយករដ្ឋបាលក្រុង Butler លោក Tom Knights បានថ្លែងកាលពីថ្ងៃទី១៥ កក្កដាថា «មន្ត្រីម្នាក់ របស់យើងបានជួយលើក មន្ត្រីម្នាក់ទៀតដើម្បីឡើងទៅលើដំបូល»។ លោកបន្តថា «ពេលនោះ មន្ត្រីម្នាក់ នោះបានចាប់គែមអគារដើម្បីយិតទាញខ្លួន ដើម្បីការអាចមើលឃើញទៅលើដំបូល អគារនោះ ប៉ុន្តែបុរសកាន់កាំភ្លើងរូបនោះបានបំបែរចុងកាណុងកាំភ្លើង តម្រង់មកចំក្បាលមន្ត្រី ប៉ូលីសនោះវិញ»។ លោកថ្លែងថាមន្ត្រីប៉ូលីសនៅក្នុងសកម្មភាពការពារខ្លួនបានទម្លាក់ខ្លួនចុះ ហើយដៃរបស់មន្ត្រីប៉ូលីសរូប នោះបានរបូតដៃចេញ ពីការតោងចាប់គែមអគារនោះធ្លាក់ខ្លួន ចុះមកក្រោមវិញ។

សេចក្តីរាយការណ៍បង្ហាញថា ក្រោយហេតុការណ៍នោះភ្លាម ខ្មាន់កាំភ្លើងបានប្រញាប់បាញ់ សំដៅដាក់លោក ដូណាល់ ត្រាំ ដែលកំពុងថ្លែងសុន្ទរកថានៅលើវេទិកា។ ការធ្វើសកម្មភាពបាញ់ប្រញាប់ប្រញាល់នោះហើយ ត្រូវគេជឿថាបានធ្វើឱ្យគ្រាប់កាំភ្លើង បានធ្វើខុសនឹងគោលដៅតែមួយចុងស្រូវតែប៉ុណ្ណោះ។ គ្រាប់កាំភ្លើងដែលតម្រង់សំដៅរក គោលដៅមកផ្នែកខាងលើ នៃក្បាលរបស់លោកលោក ដូណាល់ត្រាំ បានរត់ប៉ះរលាត់ស្បែកត្រចៀកផ្នែកខាងលើ បណ្តាលឱ្យគ្រាប់កាំភ្លើងបាន បង្ក គ្រោះថ្នាក់ដល់មនុស្សផ្សេង។ អ្នកគាំទ្រម្នាក់បានស្លាប់, ២នាក់ទៀតរងរបួស ខណៈខ្មាន់ កាំភ្លើងត្រូវបានបាញ់សម្លាប់នៅនឹងកន្លែង ដោយក្រុមសម្ងាត់ដាក់ពង្រាយនៅលើដំបូលអគារ មួយក្បែរនោះ។

សេចក្តីរាយការណ៍ បង្ហាញថាវាមានគំលាតរយៈពេល៨៦វិនាទីរវាងនាទីដែល ប៉ូលីសបានដឹងអំពីករណីខ្មាន់កាំភ្លើង រហូតមកដល់ការផ្ទុះអាវុធជាលើកដំបូងនោះ។ សេចក្តីរាយការណ៍ បង្ហាញថា ប្រសិនបើប៉ូលីសអាចចាត់វិធានការ បញ្ឈប់ជនសង្ស័យបានក្នុងរយៈ ពេលតែមួយនាទីដែលគេបានដឹងនោះ ហេតុការណ៍បាញ់ក្នុងពេលនោះ មិនអាចកើតឡើង បានឡើយ។ សំណួរដែលសង្ស័យនោះគឺហេតុអ្វីបានជាដំបូលអគារនោះ បានទុកចោលមិន មានការយកចិត្តទុកដាក់លើ ការរក្សាសន្តិសុខ? និងហេតុអ្វីបានជាប៉ូលីសមិនចាត់ការភ្លាមៗ ក្រោយការឃើញខ្មាន់កាំភ្លើងរហូតដល់ទុក ពេល៨៦វិនាទីបណ្តោយឱ្យហេតុការណ៍បាញ់ប្រ ហារកើតឡើង?

រដ្ឋមន្ត្រីក្រសួងសន្តិសុខនិងមាតុភូមិសហរដ្ឋអាមេរិកលោក Ale Jandro Mayorkas បាន បញ្ជា ឱ្យមានការស៊ើបអង្កេតដើម្បី ចង់ដឹងថាតើវាជាកំហុសរបស់អង្គភាពណាពិតប្រាកដ។ រដ្ឋមន្ត្រីក្រសួងសន្តិសុខនិងមាតុភូមិសហរដ្ឋអាមេរិក លោក Ale Jandro Mayorkas បានថ្លែង ថាយោងតាមបទបញ្ជារបស់ លោកប្រធានាធិបតីចូបៃដិន, ការត្រួតពិនិត្យសាឡើងវិញដោយ ឯករាជ្យនូវហេតុការណ៍ នឹងត្រូវបានរៀបចំធ្វើឡើង ដែលក្នុងនោះនឹងរួមមានទាំងការពិនិត្យ លើកិច្ចការរបស់ក្រុមសម្ងាត់ The US Secret Service និងក្រុមប៉ូលីសអនុវត្តច្បាប់នានាទាំង សកម្មភាពនៅមុន, នៅពេលកើតឡើងនិងក្រោយហេតុការណ៍បាញ់ របស់ខ្មាន់កាំភ្លើងរូបនោះ ។

លោកស្រីនាយកសេវាសម្ងាត់នាពេលនេះ កំពុងប្រឈមមុខនឹងសំណួរជាច្រើនអំពីភាព ថ្លស់ធ្លោយដែលធ្វើឱ្យខ្មាន់កាំភ្លើងម្នាក់ អាចជ្រៀតចូលដល់ទីកន្លែងមួយដែលស្ថិតមិនឆ្ងាយ ពី កន្លែងឈរថ្លែងសុន្ទរកថារបស់លោកដូណាល់ត្រាំ។ សមាជិកសភា តំណាងរាស្ត្រអាមេរិក ជាច្រើនដែលរួមមានទាំង ប្រធានសម្លេងភាគតិចសភាតំណាងរាស្ត្រលោក Steve Scalise បានអំពាវនាវឱ្យលោកស្រីប្រធានក្រុមសម្ងាត់ The US Secret Service ត្រូវលាលែងចេញពី មុខតំណែង។

នៅពេលដែលត្រូវបានសួរដោយកម្មវិធី Wild របស់ស៊ីអិនអិន ក្នុងការចង់ដឹងថាតើបរិវេណ នៅឯការជួបជុំនោះ តូចពេកដែរ ឬទេនោះ, លោកស្រី Cheatle បានថ្លែងថាកន្លែងនោះបាន ហ៊ុំព័ទ្ធនូវតំបន់នានាដែលគេចាំបាច់ ត្រូវចាត់វិធានការសន្តិសុខ ដើម្បីការពារព្រឹត្តិការណ៍នៅថ្ងៃ នោះ។ ក្នុងសំណួរមួយដែលចង់ដឹងថា តើលោកស្រីនឹងលាលែងចេញ ពីមុខតំណែងដែរឬទេ? លោកស្រីប្រធានក្រុមសម្ងាត់បានឆ្លើយបញ្ជាក់ថាលោកស្រីនឹងមិនលាលែងនោះឡើយ។ លោកស្រី បានថ្លែងបន្ថែមថា៖ «អ្វីដែលបានកើតឡើងគឺជាឧប្បត្តិហេតុដ៏អាក្រក់ ហើយវាមិនគួរឱ្យកើតឡើងនោះទេ»។

ពាក់ព័ន្ធនឹងការសង្ស័យប៉ុនប៉ងធ្វើឃាតនេះផងដែរ, ទូរទស្សន៍ស៊ីអិនអិន កាលពីថ្ងៃអង្គារ៍ បានរាយការណ៍ថា សហរដ្ឋអាមេរិកទទួលបានព័ត៌មានចារកម្ម នៃផែនការធ្វើឃាតរបស់អ៊ីរ៉ង់ សំដៅទៅលើលោក Trump ប៉ុន្តែឆ្លងតាមការស៊ើបអង្កេតមកនេះ ខ្មាន់កាំភ្លើងរូបនោះហាក់ដូច ជាមិនមានទំនាក់ទំនងឡើយ៕