(ប៉េកាំង)៖ សន្និសីទពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ កំពុងបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា។ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំនៅថ្ងៃទី ៣០ ខែមេសា ដោយបានសម្រេចថា នឹងបើកសម័យប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ នៅទីក្រុងប៉េកាំងក្នុងខែកក្កដាឆ្នាំ ២០២៤។

ចាប់តាំងពីការបង្កើតបក្សកុម្មុយនីស្តចិននៅឆ្នាំ ១៩២១ មក សមាជជាតិត្រូវបានប្រារព្ធឡើងប្រហែលរៀងរាល់ប្រាំឆ្នាំម្តង ដែលត្រូវគេហៅថាសមាជបក្ស ។ បន្ទាប់ពីសមាជបក្ស នឹងជ្រើសរើសសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិថ្មី ។ គណៈកម្មាធិការនេះនឹងបើកកិច្ចប្រជុំច្រើនដង ក្នុងអាណត្តិ៥ឆ្នាំ ហើយកិច្ចប្រជុំនីមួយៗត្រូវបានគេហៅថា "កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្ស"។ ជាឧទាហរណ៍ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលកំពុងបើកធ្វើពេលបច្ចុប្បន្ន គឺជាកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលត្រូវជ្រើសតាំងដោយសមាជបក្សអាណត្តិទី ២០ ។ កិច្ចប្រជុំទាំងនេះសុទ្ធតែដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពនយោបាយរបស់ប្រទេសចិន និងជះឥទ្ធិពលយ៉ាងខ្លាំងដល់ ការកំណត់គោលនយោបាយ និងទិសដៅអភិវឌ្ឍន៍របស់ប្រទេសចិន។

កាលឆ្នាំ២០២៣ កិច្ចប្រជុំពេញអង្គលើកទី២នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០បានប្រារព្ធធ្វើ នៅក្រុងប៉េកាំងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ។ កិច្ចប្រជុំពេញអង្គលើកនេះបានដំណើរការក្រោម កិច្ចសម្របសម្រួលដោយការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងសុន្ទរកថាគន្លឹះ ហើយកិច្ចប្រជុំពេញអង្គបានស្តាប់ និង ពិគ្រោះពិភាក្សាពីរបាយការណ៍ការងារ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ នីស្តចិន។

កិច្ចប្រជុំពេញអង្គនេះ មានសារសំខាន់ក្នុងការកំណត់ គោលនយោបាយដឹកនាំប្រទេសកំពូល និង ការសម្រេចចិត្តកម្រិតខ្ពស់ ដែលអាចនឹងធ្វើឱ្យមាន ការផ្លាស់ប្តូរសណ្តាប់ធ្នាប់ និង ឈានដល់ការផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចពាណិជ្ជកម្ម និង ការវិនិយោគរបស់ សាកលលោកផងដែរ។

ប្រឈមនឹងបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញ និងភារកិច្ចដ៏លំបាកនិងធ្ងន់លើវិស័យកំណែទម្រង់ អភិវឌ្ឍន៍និងស្ថិរភាពក្នុងស្រុក ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតី នៃសមាជបក្សកុម្មុយនីសចិនលើកទី២០ និងកិច្ចប្រជុំពេញអង្គលើកទីមួយ និង លើកទីពីរ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០។ បើតាមរបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៅឆ្នាំ២០២៤ នេះ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នឹងធ្វើរបាយការណ៍ការងារជូន ចំពោះគណៈកម្មាធិការមជ្ឈិមបក្ស ដោយផ្តោតលើការសិក្សាដ៏គ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីធ្វើឱ្យការកែទម្រង់កាន់តែស៊ីជម្រៅ និង ជំរុញការធ្វើទំនើបកម្មតាមបែបផែន ត្រឹមត្រូវរបស់ប្រទេសចិន។ អង្គប្រជុំនឹងធ្វើការវិភាគ និងសិក្សាពីស្ថានការណ៍សេដ្ឋកិច្ច នាពេលបច្ចុប្បន្ន និង អនាគត ព្រមទាំងកិច្ចការដែលត្រូវធ្វើសម្រាប់ សាធារណៈរដ្ឋប្រជាមានិតចិន ក្នុងពេលបច្ចុប្បន្ន ដើម្បីឱ្យក្លាយកម្លាំងសេដ្ឋកិច្ចដ៏ខ្លាំងក្លា សម្រាប់ជាចលកររស់រវើកក្នុងការជំរុញ សេដ្ឋកិច្ចប្រទេសចិន ក៏ដូចជាសេដ្ឋកិច្ចសាកលលោក ឱ្យងើបឡើងវិញប្រកបដោយសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់។

ប្រទេសចិននៅតែមានតួទានីសំខាន់ក្នុងការតម្រង់ទិសនៃសេដ្ឋកិច្ចសាកលលោក ក្នុងឋានៈជាប្រទេសផ្គត់ផ្គង់ទំនិញដ៏ធំបំផុតមួយ របស់សាកលលោក ដែលការរួបរួមគ្នា ក្នុងកម្រិតពហុភាគីនិយម ការបែងចែកផលប្រយោជន៍ពិភពទៅវិញទៅមក ជាយន្តការដ៏បវរសម្រាប់រៀបចំទិសដៅ សេដ្ឋកិច្ចសកលលោកឈានទៅដល់ ជោគវាសនារួមគ្នានៃមនុស្សជាតិ។

ពិភពលោកកំពុងរំពឹងថា កិច្ចប្រជុំលើកនេះ នឹងចង្អុលបង្ហាញថា ក្នុងពេលបច្ចុប្បន្ននិងតទៅថ្ងៃខាងមុខ គឺជារយៈពេលដ៏សំខាន់ សម្រាប់ការជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសខ្លាំង និងបុព្វហេតុស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ នៅចំពោះមុខបរិវត្តន៍បច្ចេកវិទ្យាថ្មីនិងឧស្សាហកម្មជុំថ្មី ក៏ដូចជាការរំពឹងទុកថ្មីរបស់ប្រជាជន ត្រូវតែបន្តជំរុញកំណែទម្រង់ឱ្យវិវឌ្ឍទៅមុខ។

នេះគឺជាតម្រូវការដ៏ចាំបាច់ សម្រាប់ការប្រកាន់ខ្ជាប់ និង ធ្វើឱ្យមានសុក្រឹត្យភាពនូវរបបសង្គមនិយមមួយ ដែលមានលក្ខណៈពិសេស ព្រមទាំងជំរុញនូវការធ្វើទំនើបកម្មប្រព័ន្ធនិងសមត្ថភាពអភិបាលកិច្ចជាតិ។

ដោយ គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា