(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដានេះបានរាយការណ៍ថាអគ្គិភ័យឆាបឆេះផ្សារទំនើបមួយកន្លែង នៅនិរតីប្រទេសចិនបានសម្លាប់មនុស្ស ១៦នាក់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានឱ្យដឹងថាប្រតិបត្តិការជួយសង្រ្គោះបានបិទបញ្ចប់នៅម៉ោង ៣៖០០ទៀបភ្លឺ នៅថ្ងៃព្រហស្បតិ៍នេះ។ វីដេអូត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ CCTV និងត្រូវបានចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គមចិន កាលពីយប់ថ្ងៃពុធ បានបង្ហាញផ្សែងខ្មួលខ្មាញ់ចេញពីផ្សារទំនើបកម្ពស់១៤ជាន់ ក្នុងទីក្រុង Zigong ខេត្ត Sichuan។ អគ្គិភ័យនេះត្រូវបានរាយការណ៍ថាបានឆាបឆេះកាលពីល្ងាចថ្ងៃពុធ រីឯមនុស្សប្រហែលជា៣០នាក់ត្រូវបានជួយសង្រ្គោះ។ អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងនៅម៉ោង ៨៖២០នាទីយប់ ថ្ងៃដដែល។

បើតាម Xinhua ចំនួនអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យខាងលើបានកើនដល់១៦នាក់ និងគ្មាននរណាម្នាក់ជាប់គាំងនៅខាងក្នុងអគារផ្សារទំនើបឡើយ។ តែភ្លាមៗមូលហេតុបណ្ដាលឱ្យមានអគ្គិភ័យ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕