(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសចិន កាលពីថ្ងៃទី១៧ ខែកក្កដា បានប្រកាសថាទីក្រុងប៉េកាំងបានសម្រេចចិត្តលុបចោលកិច្ចចរចាស្ដីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ជាការប្រឆាំងជំទាស់ទៅនឹងការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថាការលក់អាវុធរបស់សហរដ្ឋអាមេរិកម្ដងហើយម្ដងទៀត ទៅឱ្យកោះតៃវ៉ាន់ក្នុងពេលប៉ុន្មានខែថ្មីៗនេះ បានបំពុលធ្ងន់ធ្ងរដល់បរិយាកាសនយោបាយសម្រាប់ការបន្តកិច្ចពិគ្រោះយោបល់លើការគ្រប់គ្រងអាវុធ។ ដូច្នេះភាគីចិនបានសម្រេចចិត្តលុបចោលកិច្ចចរចាជាមួយ សហរដ្ឋអាមេរិក លើជុំថ្មីនៃការពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយអាវុធ។

លោក Lin Jian នៅឯសន្និសីទសារព័ត៌មានខ្លីមួយក្នុងទីក្រុងប៉េកាំង បានបន្តទៀតថាសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវទាំងស្រុង ហើយថាចិនមានឆន្ទៈដើម្បីរក្សា ការទំនាក់ទំនងលើការគ្រប់គ្រងអាវុធអន្តរជាតិ ប៉ុន្តែសហរដ្ឋអាមេរិក ក៏ត្រូវតែគោរពផលប្រយោជន៍ស្នូលរបស់ចិនផងដែរ និងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់កិច្ចសន្ទនា និងការផ្លាស់ប្ដូរយោបល់ទៅវិញទៅមក។

គួរបញ្ជាក់ថា ជាប្រតិកម្មឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថាចិនបានសម្រេចចិត្តដើរតាមរុស្ស៉ី ក្នុងការបដិសេធ ពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីរកវិធីទប់ស្កាត់ការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែបញ្ជាក់ដែរថាសហរដ្ឋអាមេរិកនឹងនៅតែបើកចំហទ្វារ សម្រាប់កិច្ចពិភាក្សា រិះរកវិធីកាត់បន្ថយហានិភ័យជាមួយចិន៕