(បែរឡាំង)៖ ប្រទេសអាល្លឺម៉ង់ មានផែនការកាត់បន្ថយពាក់កណ្តាលនៃជំនួយយោធា ដែលធ្លាប់ផ្តល់ទៅឱ្យអ៊ុយក្រែន នៅឆ្នាំក្រោយនេះ ទោះជាមានក្តីបារម្ភថាការគាំទ្រពីសហរដ្ឋអាមេរិកនឹងអាចបាត់បង់ ប្រសិនបើបេក្ខជនប្រធានាធិបតីនៃគណបក្សសាធាណរដ្ឋ លោក Donald Trump ត្រលប់មកគ្រប់គ្រងសេតវិមានជាថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០២៤។

តាមសេចក្តីព្រាងថវិកាឆ្នាំ ២០២៥ ដែល Reuters ទទួលបាន ជំនួយយោធារបស់អាល្លឺម៉ង់សម្រាប់អ៊ុយក្រែន នឹងត្រូវកាត់ពីចំនួន ៨ពាន់លានអឺរ៉ូមកនៅត្រឹមចំនួន ៤ពាន់លានអឺរ៉ូ ឬស្មើនឹង ៤.៣៥ពាន់លានដុល្លារ នៅឆ្នាំ ២០២៥។ អាល្លឺម៉ង រំពឹងថាអ៊ុយក្រែន នឹងអាចបំពេញតម្រូវការផ្នែកយោធារបស់ខ្លួនបានភាគច្រើន ដោយការប្រើប្រាស់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារ ដែលបានមកពីសម្បត្តិរបស់រុស្ស៉ីដែលត្រូវបានបង្កកនៅអឺរ៉ុប ហើយដែលត្រូវបានអនុម័តដោយក្រុមប្រទេស G7។ រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Christian Lindner បញ្ជាក់ថា «ការផ្តល់ហិរញ្ញប្បទានដើម្បីធានាសន្តិសុខអ៊ុយក្រែន សម្រាប់ពេលអនាគត គឺត្រូវពឹងលើសម្ភារៈរបស់សហភាពអឺរ៉ុប និងប្រាក់កម្ចីពី G7»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានជំរុញឱ្យមានការប្រើប្រាស់ប្រាក់កម្ចី សម្រាប់ការជួយអ៊ុយក្រែន។ មេដឹកនាំសហភាពអឺរ៉ុប បានឯកភាពគ្នាចំពោះគំនិតនេះមួយផ្នែក ព្រោះវាកាត់បន្ថយឱកាសដែលអ៊ុយក្រែនខ្វះខាតថវិកា ប្រសិនបើ លោក Trump ត្រឡប់មកកាន់សេតវិមានវិញនោះ៕