(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេស លោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា រុស្ស៉ីត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការ ជាមួយមេដឹកនាំណាមួយរបស់សហរដ្ឋអាមេរិក ដែលមានឆន្ទៈចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយសមធម៌ និងការគោរពគ្នាទៅវិញទៅមក ហើយសូមស្វាគមន៍ចំពោះគោលជំហរលើអ៊ុយក្រែន ដែលលើកឡើងដោយបេក្ខជនអនុប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ លោក J.D. Vance។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០២៤។

លោក Vance ដែលត្រូវបានលោក Donald Trump ជ្រើសរើសឱ្យធ្វើជាអនុប្រធានាធិបតីរបស់លោក ប្រសិនបើជាប់ឆ្នោតខែវិច្ឆិកា ចង់ឱ្យសហរដ្ឋអាមេរិកកាត់ផ្តាច់យោធាសម្រាប់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី។ លោក Lavrov បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «លោកគាំទ្រសន្តិភាព គាំទ្រការបញ្ឈប់ផ្តល់ជំនួយអាវុធកន្លងមក ហើយយើងសាទរពីព្រោះតែវាជាអ្វីដែលយើងត្រូវការ ដើម្បីកុំឱ្យអ៊ុយក្រែននៅតែមានអាវុធ ដូច្នេះសង្រ្គាមក៏នឹងអាចបញ្ចប់ទៅបាន»។ លោក Lavrov បន្ថែមថា «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយមេដឹកនាំអាមេរិកណាក៏ដោយ ដែលប្រជាជនអាមេរិកជ្រើសរើស ហើយប្រសិនបើមេដឹកនាំរូបនោះ មានឆន្ទៈចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយសមធម៌ និងការគោរពគ្នាទៅវិញទៅមក»។

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិក កំពុងព្រួយបារម្ភយ៉ាងខ្លាំងជុំវិញលទ្ធភាពដែល លោក Vance អាចក្លាយអនុប្រធានាធិបតីរបស់ លោក Trump ក្រោយការបោះឆ្នោតថ្ងៃទី ៥ខែវិច្ឆិកា ឆ្នាំ ២០២៤។ លោក Trump ធ្លាប់សម្តែងការមិនសប្បាយចិត្តចំពោះកញ្ចប់ជំនួយ ដែលសភាអនុម័តឱ្យអ៊ុយក្រែនកាលពីខែមេសា ប៉ុន្តែ​ លោក Vance វិញ​បាន​ប្រឆាំង​ដាច់ខាតតែម្តង៕