(គួឡាឡាំពួ)៖ ទីប្រឹក្សារបស់លោក Mahathir Mohamad បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី ដែលមានវ័យជិត១០០ឆ្នាំរូបនេះ ទើបតែបានចូលសម្រាក នៅមន្ទីរពេទ្យជាថ្មីម្តងទៀត ក្រោយលោកមានអាការក្អកឥតឈប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤។

ទីប្រឹក្សារបស់លោក Mahathir គឺលោក Sufi Yusoff បានប្រាប់ថា លោក Mahathir បានចូលសម្រាកនៅមន្ទីរពេទ្យ កាលពីថ្ងៃចន្ទដើម​សប្តាហ៍នេះ ហើយត្រូវបានរំពឹងថា នឹងបន្តទទួលការព្យាបាលនៅទីនោះ សម្រាប់រយៈពេលប៉ុន្មានថ្ងៃទៀត។ លោក Mahathir ប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួបបញ្ហាផ្នែកបេះដូងប៉ុន្មានលើក ហើយក៏បានឆ្លងកាត់ ការវះកាត់ផងដែរ។ លោកទើបតែឈានចូលអាយុ៩៩ឆ្នាំ កាលពីសប្តាហ៍មុន។ នាពេលកន្លងទៅក្នុងឆ្នាំនេះ លោកធ្លាប់សម្រាកនៅមន្ទីរពេទ្យជិត៣ខែ។

គួរបញ្ជាក់ថា លោក Mahathir ធ្លាប់កាន់តួនាទីជា នាយករដ្ឋមន្រ្តីម៉ាឡេស៉ីចំនួន២លើក។ លើក១ លោកបានកាន់តំណែង ក្នុងនាមជានាយករដ្ឋមន្រ្តីទី៤ របស់ប្រទេសអាស៊ានមួយនេះ ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣។ លោក Mahathir បានត្រឡប់មកកាន់​តំណែងនាយករដ្ឋមន្រ្តីជាលើកទី២ ក្នុងវ័យ៩២ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០៕